(កៀវ)៖ មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បាននិយាយថា រុស្ស៉ីកំពុងរៀបចំទាហានចំនួន ១០០,០០០នាក់ដែលអាចប្រើប្រាស់ សម្រាប់ប្រតិបត្តិការវាយលុកថ្មីលើអ៊ុយក្រែនក្នុងរដូវក្តៅនេះ ឬដើម្បីបំពេញបន្ថែមដល់អង្គភាពដែលបាត់បង់កម្លាំងទ័ព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ ២០២៤។

លោកឧត្តមសេនីយឯក Oleksandr Pavliuk បានធ្វើអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍អ៊ុយក្រែន យ៉ាងដូច្នេះថា «វាអាចថាមិនចាំបាច់សម្រាប់តែប្រតិបត្តិការវាយលុកថ្មី ប្រហែលជាពួកគេនឹងបំពេញបន្ថែមដល់អង្គភាពរបស់ពួកគេ ដែលបានបាត់បង់សមត្ថភាពប្រយុទ្ធ ប៉ុន្តែវាក៏អាចទៅរួចដែរថានៅដើមរដូវក្តៅ ពួកគេមានកងកម្លាំងគ្រប់គ្រាន់ដើម្បីបើកប្រតិបត្តិការវាយលុកថ្មី» ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន ធ្វើឡើងបន្ទាប់ពីកងកម្លាំរុស្ស៉ីសម្រេចបានភាពជឿនលឿនទៅមុខ នៅភាគខាងកើតអ៊ុយក្រែន
ខណៈសង្រ្គាមបន្តអូសបន្លាយពេលជាង ២ ឆ្នាំ មកហើយ៕