(ប៉េកាំង)៖ “ពីខ្លាឃ្មុំផានដាចិនដល់ពន្ធគយ ប្រធានបទពិភាក្សាទាំងអស់សុទ្ធតែត្រូវបានដាក់លើ តុចរចាសម្រាប់ឱ្យរដ្ឋមន្ត្រីការបរទេសចិន និងអូស្ត្រាលីពិភាក្សាយ៉ាងស្មោះត្រង់ ។ ”ទីភ្នាក់ងារសារព័ត៌មានចម្រុះអួស្ត្រាលី (AAP) បានវាយតម្លៃកិច្ចសន្ទនាផ្នែកការទូត និងយុទ្ធសាស្ត្រចិន-អូស្ត្រាលីជុំទី៧ ដូចពោលខាងលើនេះ។ ប្រការនេះបានបញ្ជាក់ ពីមួយផ្នែកថា ទំនាក់ទំនងរវាងចិននិងអូស្ត្រាលី ត្រូវបានកែសម្រួលនិងទទួលការអភិវឌ្ឍជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចរបស់លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិននៅប្រទេសអូស្ត្រាលី នៅខែមីនានេះក៏ត្រូវបានមជ្ឈដ្ឋានខាងក្រៅ យល់ឃើញថា នឹងជំរុញឱ្យទំនាក់ទំនង រវាងចិននិងអូស្ត្រាលី “ស្តារឡើងវិញ” ថែមមួយកម្រិតទៀតដែរ។

ឆ្នាំ២០២៤នេះជាខួបទី១០នៃការបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអូស្ត្រាលី ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគី​មានភាពបម្រែបម្រួលយ៉ាងខ្លាំង មូលហេតុសំខាន់គឺដោយសារ អតីតរដ្ឋាភិបាលអូស្ត្រាលី បានអនុវត្តគោលនយោបាយដ៏ខុសឆ្គងចំពោះប្រទេសចិន ដែលបណ្តាលឱ្យទំនាក់ទំនង រវាងចិននិងអូស្ត្រាលី ធ្លាក់ចុះចាប់ពីឆ្នាំ២០១៨មក។ បន្ទាប់ពីរដ្ឋាភិបាលគណបក្សការងារអូស្ត្រាលី នាពេលបច្ចុប្បន្នកាន់អំណាច កាលពីខែឧសភាឆ្នាំ២០២២ បានកែតម្រូវគោលនយោបាយ ចំពោះប្រទេសចិនជាថ្មីឡើងវិញ ហើយទំនាក់ទំនងរវាងចិននិងអូស្ត្រាលី ចាប់ផ្តើមមានបម្រែបម្រួលល្អ។

កាលពីខែវិចិ្ឆកាឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងអំឡុងពេលលោកអញ្ជើញចូលរួម កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំប្រទេស G២០ ដែលបានឈានដល់ គំនិតឯកភាពរួម ខាងនយោបាយដ៏សំខាន់អំពីការពន្លឿនការកែលម្អទំនាក់ទំនងទ្វេភាគី។ ប្រព័ន្ធសារព័ត៌មានអូស្ត្រាលី បានផ្សាយដំណឹងថា ដំណើរទស្សនកិច្ចនៅអូស្ត្រាលីរបស់លោក Wang Yi លើកនេះ ជាតម្រុយថ្មីបំផុតនៃការឡើងកម្តៅវិញ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីឆ្លងកាត់សភាពជាប់គាំង អស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅអូស្ត្រាលី ភាគីទាំងពីរបានរៀបចំ ធ្វើកិច្ចសន្ទនា និងពិធីសំណេះសំណាលជាច្រើនលើក។ ភាគីចិនលើកឡើងថា ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីបានវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ ហើយបំណាច់ជាបែបនេះ ក៏ត្រូវវិវឌ្ឍរីកមច្រើនទៅមុខយ៉ាងមុតមាំ ដោយគ្មានការស្ទាក់ស្ទើរ និងមិនដើរថយក្រោយដែរ។

ឥស្សរជនអ្នកវិភាគលើកឡើងថា បើចង់ធ្វើឱ្យទំនាក់ទំនងរវាងចិន និងអូស្ត្រាលីមិនដើរថយក្រោយ នោះត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងលើបីចំណុច៖ មុនដំបូង ត្រូវគោរពគ្នា ទៅវិញទៅមក និងគ្រប់គ្រងការខ្វែងគំនិតដោយវៃឆ្លាត។ ជាពិសេស គឺភាគីអូស្ត្រាលីគួរតែគោរពផលប្រយោជន៍ជាស្នូលរបស់ចិន និងបញ្ហាធំនិងសំខាន់ ដែលប្រទេសចិន យកចិត្តទុកដាក់ ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីចិនបានអធិប្បាយអំពីគោលជំហរ ជាគោលការណ៍លើបញ្ហាតំបន់តៃវ៉ាន់ តំបន់ហុងកុង ភូមិភាគស្វយ័តស៊ីនជាំង ភូមិភាគស្វយ័ត Xizang និងតំបន់សមុទ្រចិនខាងត្បូងជាដើម។ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានគូសបញ្ជាក់ថា ភាគីអូស្ត្រាលីបានអនុវត្ត គោលនយោបាយប្រទេសចិនតែមួយជាប់រហូតមក នេះជាគំនិតឯកភាពរួមនៃបក្សទាំងពីររបស់អូស្ត្រាលី ហើយនឹងបន្តប្រកាន់ខ្ជាប់ទៅទៀត។

ក្រៅពីនេះ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអូស្ត្រាលី ក៏ត្រូវមានភាពឯករាជ្យនិងម្ចាស់កា ។ អូស្ត្រាលីជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងជាដៃគូរបស់ចិន ហើយក៏កាន់តែជា ប្រទេសដែលមានអធិបតេយ្យភាពមួយដែរ។ ភាគីចិនគូសបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអូស្ត្រាលី មិនត្រូវសំដៅចំពោះភាគីទីបីទេ ហើយក៏មិនត្រូវរងផលប៉ះពាល់ ឬការរំខានពីភាគីទីបីដែរ ។ ការលើកឡើងបែបនេះត្រូវឥស្សរជនអ្នកវិភាគចាត់ទុកថា ជា “ដំបូន្មានដ៏ស្មោះត្រង់” ចំពោះភាគីអូស្ត្រាលី។ ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអូស្ត្រាលី កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាកម្លាំងជំរុញដ៏សកម្មបំផុត និងរស់រវើកបំផុត។ ប្រទេសចិនបានកាន់ឋានៈ ជាដៃគូពាណិជ្ជកម្មធំទីមួយ របស់អូស្ត្រាលីក្នុងរយៈពេល១៥ឆ្នាំ ជាប់ៗគ្នា ចិនជាគោលដៅនាំចេញធំទីមួយរបស់អូស្ត្រាលី ហើយក៏ជាប្រទេសប្រភពនាំចូលធំទីមួយដែរ។ ទន្ទឹមនឹងការកែសម្រួល នៃទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ ពាណិជ្ជកម្មរវាងចិននិងអូស្ត្រាលី នឹងកាន់តែមានភាពរលូន។

ចិននិងអូស្ត្រាលី សុទ្ធតែជាប្រទេសដ៏សំខាន់នៅអាស៊ីប៉ាស៊ីហ្វិក ដែលគ្មានគំនុំប្រវត្តិសាស្ត្រ និងការប៉ះទង្គិចខាងផលប្រយោជន៍ជាមូលដ្ឋាន ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាង ប្រទេសទាំងពីរ ទទួលការអភិវឌ្ឍជាថ្មីឡើងវិញ ក៏ត្រូវឆ្ពោះទៅមុខជារៀងរហូត។ ប្រការនេះគឺសមស្របនឹង ផលប្រយោជន៍រួមរបស់ប្រជាជន នៃប្រទេសទាំងពីរ ហើយក៏ជាការរំពឹងទុកជាទូទៅ របស់ប្រទេសក្នុងតំបន់ដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន