(មូស្គូ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៉ី លោក ចាង អានហួយ (Zhang Hanhui) បានប្រាប់បទសម្ភាសន៍មួយថា ទីក្រុងប៉េកាំងនឹងផ្តល់ការគាំទ្រតាមដែលអាចធ្វើទៅបាន សម្រាប់កិច្ចការសកម្មភាពរបស់ទីក្រុងមូស្គូ នៅក្រោមក្រមខណ្ឌនៃសមាគមប្រទេស BRICS ដែលបច្ចុប្បន្នមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ ២០២៤។

លោក ចាង បានគូសបញ្ជាក់ថា «យើងនឹងផ្តល់ការគាំទ្រតាមដែលអាចធ្វើទៅបាន សម្រាប់រុស្ស៉ីក្នុងនាមជាប្រធានរបស់ BRICS»។ លោក ចាង បន្ថែមថា «យើងក៏ត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកទំព័រថ្មីនៃការបង្រួបបង្រួម និងអភិវឌ្ឍពិភពលោកប៉ូលខាងត្បូង រួមជាមួយប្រទេស BRICS ដ៏ទៃទៀត»

គួរបញ្ជាក់ថា បើតាមមន្រ្តីការទូចិនរូបនេះ ចិន-រុស្ស៉ីក៏នឹងរួមគ្នាលើកកម្ពស់ការបង្កើតពិភពលោកពហុប៉ូល ដែលមានរចនាសម្ព័ន្ធស្មើភាពគ្នា ក៏ដូចជាលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ចរួមបញ្ចូល ដែលផ្តល់អត្ថប្រយោជន៍សម្រាប់មនុស្សគ្រប់រូប៕