(ហាណូយ)៖ សភាវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ បានអនុម័តហើយលើការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Vo Van Thuong ដែលនេះធ្វើឱ្យរូបលោក ក្លាយជាថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមចុងក្រោយគេបំផុតដែលរបូតតំណែងនេះ ស្របពេលគណបក្សកុម្មុយនិស្ដកំពុងដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សភាវៀតណាម បានបោះឆ្នោតទទួលស្គាល់ការលាលែងពីតំណែងរបស់លោក Thuong នៅក្នុងសម័យប្រជុំពិសេសបិទទ្វារមួយ។ លោក Thuong មានអាយុ ៥៣ឆ្នាំ បានក្លាយជា ប្រធានាធិបតីទី២ ដែលលាលែងចេញតំណែងក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមមិនបានរាយការណ៍ថាតើនរណានឹងត្រូវឡើងកាន់តំណែង ជំនួសលោក Thuong នោះទេ ខណៈបើតាមរដ្ឋធម្មនុញ្ញវៀតណាម អនុប្រធានាធិបតី លោកស្រី Vo Thi Anh Xuan អាចនឹងឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទី រហូតទាល់តែ មានការតែងតាំងប្រធានាធិបតីថ្មី។

គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម បានឱ្យដឹងកាលពីថ្ងៃពុធថា គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានសម្រេចទទួលយកការលាលែងពីតំណែងរបស់ប្រធានាធិបតីលោក Vo Van Thuong បន្ទាប់ពីរូបលោកទើបតែឡើងកាន់តួនាទីនេះបានត្រឹម១ឆ្នាំប៉ុណ្ណោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាម មិនបានបញ្ជាក់លម្អិតពីហេតុផល នៃការលាលែងរបស់លោក Vo Van Thuong នោះទេ ដោយគ្រាន់តែនិយាយថា លោកបានបំពានលើបទបញ្ញត្តិរបស់គណបក្ស និងការប្រព្រឹត្តកំហុសឆ្គងដែលបានជះផលអវិជ្ជមាន ដល់សាធារណៈមតិ កិត្តិយសរបស់គណបក្ស រដ្ឋ និងខ្លួនលោកផ្ទាល់។ តែមានការសង្ស័យជាច្រើនថាការលាលែងពីតំណែង របស់លោក Thuong ទំនងជាមានជាប់ពាក់ព័ន្ធនឹង អំពើពុករលួយ៕