(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះបានឱ្យដឹងថាយន្ដហោះចម្បាំងចិន ៣២គ្រឿង ត្រូវបានប្រទះឃើញនៅក្បែរដែនកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនេះគឺជាលើកទី២ នៃការប្រទះឃើញយន្ដហោះចម្បាំងចិនក្នុងចំនួនច្រើនបែបនេះនៅឆ្នាំ២០២៤នេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមម៉ោង ៦៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានប្រទះឃើញនាវាចម្បាំងចិន ៥គ្រឿងធ្វើសកម្មភាព ក្បែរកោះតៃវ៉ាន់ផងដែរ។ ក្រសួងបានបញ្ជាក់ទៀត ក្នុងចំណោមយន្ដហោះចម្បាំងទាំង ៣២គ្រឿង មាន១៣គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាល នៃច្រកសមុទ្រតៃវ៉ាន់ ហើយកងកម្លាំងប្រដាប់តៃវ៉ាន់ កំពុងតាមឃ្លាំមើលស្ថានការណ៍ និងបានដាក់ពង្រាយយន្ដហោះ និងនាវាល្បាត ព្រមទាំងដំណើរការប្រព័ន្ធការពារ ដែនអាកាស ដើម្បីចាប់សញ្ញាសកម្មភាពរបស់យន្ដហោះចម្បាំងចិន។

គួរបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោង កាលពីចុងខែមករា និងកាលពីដើមខែកុម្ភៈកន្លងទៅនេះ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានអះអាងផងដែរពីការប្រទះឃើញ យន្ដហោះចម្បាំងចិន ៣៣គ្រឿង នៅក្បែរដែនកោះតៃវ៉ាន់ ដែលនេះជាតួលេខខ្ពស់បំផុតក្នុងឆ្នាំនេះ៕