(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ កាលពី ថ្ងៃពុធ ទី២០ ខែមីនា ថាអ៉ីស្រាអែលនឹងបន្តធ្វើសង្រ្គាមរបស់ខ្លួនដើម្បីកម្ចាត់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់អ្នកសារព័ត៌មាន សមាជិកព្រឹទ្ធសភាអាមេរិក លោក Jim Risch បានបញ្ជាក់ថាលោក Netanyahu នឹងបន្តធ្វើសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា រហូតដល់សម្រេចគោលដៅកម្ទេចក្រុមហាម៉ាស។ «គាត់ (Netanyahu) នឹងធ្វើអ្វីដែលគាត់បាននិយាយថាគាត់នឹងធ្វើវា ហើយគាត់នឹងបញ្ចប់វា»

លោក Netanyahu បានថ្លែងសារទៅកាន់ក្រុមសមាជិកព្រឹទ្ធសភាសាធារណរដ្ឋ តាមរយៈប្រព័ន្ធវីដេអូ ជិតមួយសប្ដាហ៍បន្ទាប់ពីមេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer បានរិះគន់ដោយចាត់ទុកលោក Netanyahu ថាជាឧបសគ្គមួយរារាំងដល់ កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព និងជំរុញឱ្យអ៉ីស្រាអែលរៀបចំការបោះឆ្នោតថ្មីមួយ។

គួរបញ្ជាក់ថា លោក Netanyahu មានទំនាក់ទំនងជិតស្និទ្ធយូរអង្វែងជាមួយក្រុមតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ ដែលចោទប្រកាន់លោក Schumer ប៉ុនប៉ងផ្ដួលរំលំមេដឹកនាំអ៉ីស្រាអែលរូបនេះ៕