(ហ្សេរុយសាឡឹម)៖ រដ្ឋាភិបាលបានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Galant គ្រោងនឹងធ្វើទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយនេះ ខណៈសម្ពាធអន្តរជាតិកាន់តែកើនឡើង ក្នុងការអំពាវនាវឱ្យអ៊ីស្រាអែល លុបចោលគម្រោងវាយប្រហាររបស់ខ្លួននៅទីក្រុង Rafah នៃតំបន់ហ្គាហ្សា។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានគូសបញ្ជាក់ថា គណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន «តាមសំណើរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden» ដើម្បីពិភាក្សាអំពីផែនការវាយប្រហារដែលបានគ្រោងទុក ដែលសហរដ្ឋអាមេរិកប្រឆាំង។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការផ្ទុះសង្រ្គាម លោក Gallant គ្រោងនឹងជួបជាមួយប្រធានមន្ទីរបញ្ចកោណ លោក Lloyd Austin ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានប្រកាសនោះទេ។

ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយថា ពួកគេនឹងពិភាក្សាអំពី «វឌ្ឍនភាពក្នុងសង្គ្រាមប្រឆាំងនឹងអង្គការភេរវកកម្មហាម៉ាស ការពង្រឹងកងកម្លាំង បញ្ហាមនុស្សធម៌ និងផ្នែកនៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ជាសហរដ្ឋអាមេរិក»។

គួរជម្រាបថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បាននិយាយថា ប្រតិបត្តិការយោធានៅទីក្រុង Rafah គឺជាការចាំបាច់ដើម្បីលុបបំបាត់ក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែវត្តមានរបស់ជនស៊ីវិល ១.៥ លាននាក់នៅក្នុងទីក្រុងនេះ ដែលភាគច្រើនជាជនភៀសខ្លួនពីតំបន់ផ្សេងទៀតនៃហ្គាហ្សា បានបង្កើនការភ័យខ្លាចនៃការស្លាប់បាត់បង់ជីវិតមនុស្សដ៏ច្រើនដែលពិបាកនឹងស្មានដល់ និងការធ្វើឱ្យកាន់តែស្មុកស្មាញបន្ថែមទៀតផ្នែកមនុស្សធម៌ និងវិបត្តិក្នុងតំបន់៕