(ណៃពិដោ)៖ សាក្សីនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា បានរាយការណ៍ថា មិនមាននរណាម្នាក់បានមកចូលរួមឡើយ ក្នុងការបើក​ដំណើរការការដេញថ្លៃផ្ទះ របស់អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ដោយតម្លៃចាប់ផ្តើមត្រូវបានកំណត់ថា មានចំនួន​៩០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។

ផ្ទះខាងលើដែលស្ថិតនៅលើបឹង Inye នៃទីក្រុង Yangon មានផ្ទៃដីសរុបទំហំ០.៧៨ហិកតា ត្រូវបានដាក់លក់ដេញថ្លៃ តាមការសម្រេច​របស់តុលាការកំពូលនៃប្រទេសមីយ៉ាន់ម៉ា ក្រោយការតតាំងរឿងក្តីរយៈពេលជាច្រើនឆ្នាំ រវាងលោកស្រី Suu Kyi ដែលត្រូវបានទម្លាក់ពី​អំណាចអំឡុងរដ្ឋប្រហារយោធាឆ្នាំ២០២១ ហើយនិងបងប្រុសរបស់លោកស្រី គឺលោក Aung San Oo។ យ៉ាងណាមិញ នាថ្ងៃពុធនេះ គេមិនឃើញមាននរណាម្នាក់ មកចូលរួមការដេញថ្លៃនេះឡើយ។ លោកស្រី Suu Kyi បច្ចុប្បន្ន កំពុងអនុវត្តទោសជាប់ពន្ធនាគារ រយៈពេល​២៧ឆ្នាំ នៅទីតាំងមិនត្រូវបានបញ្ជាក់ ក្រោមការចោទប្រកាន់ពីបទល្មើសជាច្រើន។

ភាគច្រើននៃរយៈពេលជាង៣ទសវត្សរ៍ ដែលលោកស្រី Suu Kyi បានចំណាយពេលនៅមីយ៉ាន់ម៉ា ក្រោយត្រឡប់ពី​ចក្រភពអង់គ្លេសវិញ គឺលោកស្រីបានស្នាក់នៅផ្ទះវីឡាខាងលើ ក្នុងនោះរួមទាំងរយៈពេល១៥ឆ្នាំ នៃការជាប់ឃុំក្នុងផ្ទះ ក្រោម​របបយោធាមីយ៉ាន់ម៉ាជំនាន់មុន ផងដែរ។ លោកស្រី Suu Kyi បានផ្លាស់ទីលំនៅទៅកាន់រដ្ឋធានីណៃពិដោ ដើម្បីចូលរួមកិច្ចប្រជុំសភា ក្រោយការដោះលែង ហើយបាន​បន្តស្នាក់នៅទីនោះ ក្នុងនាមជាមេដឹកនាំស៉ីវិលមីយ៉ាន់ម៉ា រហូតដល់ពេលផ្ទុះរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ផ្ទះនៅ​ទីក្រុង Yangon ក៏ជាកន្លែងដែលលោកស្រីបានជួបបុគ្គលសំខាន់ៗផងដែរ រួមមានទាំងអតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Hilary Clinton ជាដើម។

គួរបញ្ជាក់ថា ផ្ទះនោះជាមរតកដែលលោកស្រី Suu Kyi ទទួលបានពីម្តាយឈ្មោះ Khin Kyi ក្រោយការធ្វើឃាតឪពុកលោកស្រី ដែលជារីវបុរសឯករាជ្យរបស់មីយ៉ាន់ម៉ា គឺលោក Aung San នៅឆ្នាំ១៩៤៧។ លោក Aung San Oo ដែលជាបងប្រុសប៉ុន្តែលែង​មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នារបស់លោកស្រី Suu Kyi នៅឆ្នាំ២០០០ បានដាក់ពាក្យបណ្តឹងជាលើកដំបូង ដើម្បីឱ្យមានការបែងចែក​អចលនទ្រព្យនេះ។ នៅឆ្នាំ២០១៦ តុលាការមីយ៉ាន់ម៉ា បានសម្រេចចេញសាលក្រមមួយ ដែលបែងចែកដីនិងផ្ទះ ក្នុងចំណែកស្មើភាពគ្នា​សម្រាប់បងប្អូនទាំងពីរនាក់។

លោក Aung San Oo ធ្លាប់បានប្តឹងឧទ្ធរណ៍ជាច្រើនលើកប៉ុន្តែទទួលបរាជ័យ ក្នុងការចង់ឱ្យតុលាការដាក់លក់ដេញថ្លៃផ្ទះនោះ ហើយ​ប្រាក់ដែលបានមកពីការលក់ ត្រូវបែងចែករវាងលោក និងលោកស្រី Suu Kyi។ ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០២១ តុលាការកំពូលមីយ៉ាន់ម៉ា ក៏​បានទទួលយកបណ្តឹងឧទ្ធរណ៍ពិសេសរបស់លោក Aung San Oo ហើយសម្រេចអនុញ្ញាតឱ្យដាក់លក់ផ្ទះនោះ តាមរយៈការដេញថ្លៃ៕