(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា បាននិយាយថាលោកនឹងពិចារណាធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជាដំណើរ នៅក្រៅប្រទេសលើកដំបូងបំផុត អំឡុងអាណត្តិប្រធានាធិបតីថ្មីរបស់លោកដែលទើបតែទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីសប្ដាហ៍មុន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពផ្ដាច់មុខដែលខ្លួនទទួលបាន បានឱ្យដឹងថាលោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅខែឧសភាខាងមុខ ដើម្បីជួបពិភាក្សាជាមួយសមភាគីចិនលោក ស៊ី ជីនពីង។ ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅក្នុងជំនួបជាមួយសមាជិក សភារុស្ស៉ីមួយក្រុម កាលពីថ្ងៃអង្គារដដែលនោះដែរ មេដឹកនាំគណបក្សកុម្មុយនិស្ដ លោក Gennady Zyuganov បានស្នើឱ្យលោក ពូទីន ជ្រើសរើសទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ច។

លោក Zyuganov បានគូសបញ្ជាក់តាមរយៈការដកស្រង់សម្ដីដោយ TASS ដូច្នេះថា «ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចដំបូងបំផុតរបស់អ្នក (លោក ពូទីន) គឺទៅ ភាគខាងកើត (ចិន) មិនមែនភាគខាងលិចនោះទេ។ សមមិត្ត (លោកប្រធានធិបតីចិន) ស៊ី ជីនពីង កំពុងទន្ទឹងរង់ចាំរូបលោកធ្វើទស្សនកិច្ច ហើយគាត់ពិតជា ស្រឡាញ់ប្រទេសរបស់យើងខ្លាំងណាស់»

ជាការឆ្លើយតបទៅនឹងការស្នើសុំនោះដែរ លោក ពូទីន បានសន្យាថានឹងពិចារណាពីការធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ «ជាការពិតណាស់ ខ្ញុំមិនមែនលេងសើច ទេ ហើយខ្ញុំនឹងយកអ្វីដែលអ្នកបាននិយាយទៅពិចារណា»។ នេះជាការលើកឡើងរបស់លោក ពូទីន។

គួរបញ្ជាក់ថា ខណៈលោកខាងលិចរិះគន់ជ័យជម្នះរបស់លោក ពូទីន ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីកាលពីសប្ដាហ៍មុន ចិន និងកូរ៉េខាងជើងបានចេញមុខ ភ្លាមៗផ្ញើសារអបអរសាទរដល់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់ប្រមុខវិមានក្រឹមឡាំងរូបនេះដែលនឹងបន្តកាន់អំណាច ៦ឆ្នាំបន្ថែមទៀត៕