(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីន ដោយការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣១,៨១៩ នាក់ ខណៈចំនួនអ្នករបួសកើនដល់ ៧៣,៩៣៤ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩៣ នាក់ និង ១៤២ នាក់ផ្សេងទៀតរងរបួស។

ទន្ទឹមនឹងនេះ ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ហើយ ០៦ នាក់ទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Nuseirat នៅភាគកណ្តាល តំបន់ហ្គាហ្សាស្ទ្រីប។

គួរជម្រាបថា អ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំប្រឆាំង នឹងចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) នៅតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមនេះ នៅភាគខាងត្បូងរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ ដែលនៅពេលនោះមានមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕