(ប្រ៊ុចសែល)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅថ្ងៃចន្ទនេះថា អ៊ីស្រាអែលកំពុងបង្កគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្គាហ្សា និងប្រើប្រាស់វាជាអាវុធនៃសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

លោក Borrell បាននិយាយបែបនេះ នៅឯពិធីបើកសន្និសីទ ស្តីពីជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សានៅទីក្រុងប្រ៊ុចសែល។ នាឱកាសនោះ លោកបាននិយាយយ៉ាងដូច្នេះថា «នៅក្នុងតំបន់ហ្គាហ្សា យើងលែងស្ថិតនៅគៀកគ្រោះទុរ្ភិក្សទៀតហើយ ប៉ុន្តែយើងគឺស្ថិតនៅក្នុងស្ថានភាពទុរ្ភិក្សតែម្តង ដែលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់»

លោកបានសង្កត់ធ្ងន់ថា «នេះមិនអាចទទួលយកបានទេ។ ភាពអត់ឃ្លានត្រូវបានប្រើប្រាស់ជាអាវុធនៃសង្រ្គាម។ អ៊ីស្រាអែលកំពុងបង្កទុរ្ភិក្ស»។

ជាការឆ្លើយតបនឹងការលើកឡើងបែបនេះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Katz បានជំរុញឱ្យ លោក Borrell បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល និងទទួលស្គាល់សិទ្ធិរបស់ខ្លួន ក្នុងការការពារខ្លួនប្រឆាំងនឹងឧក្រិដ្ឋកម្មរបស់ក្រុមហាម៉ាស៕