(វ៉ាស៊ីនតោន)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជិះរថយន្ដដ៏ទំនើបមួយគ្រឿងដែលលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ផ្ដល់ឱ្យជាអំណោយ ជាសាធារណៈ ជាលើកដំបូង ហើយនេះគឺជាការបញ្ជាក់កាន់តែច្បាស់ពីការរីកចម្រើនទៅមុខនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤។

ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានពង្រឹងទំនាក់ទំនងនឹងគ្នាកាន់តែជិតស្និទ្ធ ចាប់តាំងពីលោក គីម ជុងអ៊ុន បានជួបលោក ពូទីន ក្នុងប្រទេសរុស្ស៉ី កាលពីខែកញ្ញា ឆ្នាំ២០២៣ និងបានសន្យាពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែស៊ីជម្រៅ។ តែទន្ទឹមគ្នា មេដឹកនាំនៃប្រទេសទាំង២ បានច្រានចោលការចោទប្រកាន់ពីសំណាក់បណ្ដាប្រទេសលោកខាងលិច ដែលថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ីយកទៅប្រើក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។

ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង តាមរយៈការស្រង់សម្ដីដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថាការជិះរថយន្ដរុស្ស៉ី Aurus limousine កាលពីថ្ងៃសុក្រម្សិលមិញរបស់លោក ពូទីន គឺភស្តុតាងបង្ហាញយ៉ាងច្បាស់នៃទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ី ដែលកំពុងអភិវឌ្ឍន៍ទៅមុខទៅកម្រិតខ្ពស់គ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញ លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងដឹកនាំការធ្វើសមយុទ្ធសង្រ្គាមអាកាស ហើយក៏បានជំរុញឱ្យកងទ័ពកូរ៉េខាងជើងត្រៀមលក្ខណៈ សម្រាប់ការប្រយុទ្ធផងដែរ៕