(វ៉ាស៊ីនតោន)៖ ប៉ុន្មានថ្ងៃមកនេះ គេបានឃើញគ្រាប់បែកផលិតដោយសហរដ្ឋអាមេរិក និងជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះពីលើមេឃនៅក្នុងតំបន់ហ្កាហ្សា ដោយ បានសម្លាប់ទាំងជីវិតមនុស្សផង និងផ្ដល់ក្ដីសង្ឃឹមដល់ជីវិតមនុស្សផង ក្នុងពេលដំណាលគ្នា។ នេះក៏បានបង្ហាញដែរពីកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី ចូ បៃដិន ដើម្បីស្វែងរក «តុល្យភាពក្នុងសង្រ្គាមគ្មានតុល្យភាពមួយនៅមជ្ឈិមបូព៌ា»។

ការសម្រេចចិត្តរបស់លោក ចូ បៃដិន អនុញ្ញាតឱ្យយោធាអាមេរិកដឹកនាំប្រតិបត្តិការទម្លាក់ជំនួយមនុស្សធម៌តាមយន្ដហោះ និងការសាងសង់កំពង់ផែបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ ការផ្ដល់ជំនួយចាំបាច់នានាសម្រាប់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ក៏បានគូសបញ្ជាក់ផងដែរពីចម្រូងចម្រាសក្នុងគោលនយោបាយរបស់លោក ខណៈរូបលោកនៅតែផ្ដល់អាវុធ ឱ្យអ៉ីស្រាអែល ដើម្បីបន្តធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាសដោយគ្មានលក្ខខណ្ឌ។ ការណ៍នេះបានធ្វើឱ្យសហរដ្ឋអាមេរិកខ្លួនស្ថិតក្នុងសភាពដើរតួរជា «ជាមនុស្សចិត្តល្អផង និងមនុស្សចិត្តអាក្រក់ផង» ដោយម្ខាងត្រូវជួយបំពាក់អាវុធអ៉ីស្រាអែល និងម្ខាងទៀតត្រូវគិតគូរពីប្រជាជនស៊ីវិល ដែលកំពុងរស់នៅរងទុក្ខវេទនាដោយសារសង្រ្គាម។

មួយរយៈកាលចុងក្រោយនេះ លោក បៃដិន បានបង្ហាញការអាក់អន់ចិត្តកាន់តែខ្លាំងចំពោះលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលមិនបានអើពើទាល់តែសោះ នឹងការអំពាវនាវរបស់លោកឱ្យប្រឹងប្រែងទប់ស្កាត់ការស្លាប់របស់ជនស៊ីវិលក្នុងតំបន់ហ្កាហ្សា ហើយបន្តធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាស ដោយបិទភ្នែកមិនមើលពីទុក្ខវេទនារបស់ប្រជាជន ប៉ាឡេស្ទីន ទោះរងសម្ពាធពីអន្តរជាតិក៏ដោយ។ ការអាក់អន់ចិត្តរបស់លោក បៃដិន បានបង្ហាញកាន់តែច្បាស់ទៅទៀត នៅអំឡុង និងក្រោយការថ្លែងសុន្ទរកថាអំពីស្ថានភាពប្រទេសជាតិ ទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន។ ប៉ុន្តែទោះអន់ចិត្ត ក៏លោក បៃដិន នៅតែបន្តប្រឆាំងជំទាស់នឹងការកាត់ផ្ដាច់ការផ្ដល់ជំនួយយោធា ហើយក៏ប្រឆាំងផងដែរ ចំពោះការប្រើប្រាស់ជំនួយយោធា ដាក់សម្ពាធលើអ៉ីស្រាអែល។

គំនិតផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក ក្នុងការដឹកនាំប្រតិបតិ្តការផ្ដល់ជំនួយទម្លាក់តាមយន្ដហោះ និងតាមផ្លូវសមុទ្រ កើតមានឡើងបន្ទាប់ពីអន្តរជាតិទាំងមូលបរាជ័យ ដោយមិនអាចផ្ដល់ ជំនួយគ្រប់គ្រាន់តាមផ្លូវគោកចូលទៅក្នុងតំបន់ហ្កាហ្សា ដោយសារតែការរាំងខ្ទប់ពីអ៉ីស្រាអែលដែលបារម្ភខ្លាចថាជំនួយទាំងនោះអាចនឹងធ្លាក់ទៅក្នុងដៃក្រុមហាម៉ាស។ មកទល់នឹង បច្ចុប្បន្ន ក្រុមមន្ត្រីអាមេរិកយល់ថាវិធីសាស្ត្របែបនេះនឹងមិនអាចផ្គង់ផ្គត់ជំនួយក្នុងទំហំ ដូចគ្នាទៅនឹងការផ្ដល់ជំនួយតាមផ្លូវគោកនោះទេ ហើយជួនកាលថែមទាំងបង្កភាពស្មុគស្មាញ និងភាពចលាចលទៅវិញ។ ជាឧទាហរណ៍៖ ការទម្លាក់ជំនួយតាមយន្ដហោះរបស់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុនត្រូវបានរាយការណ៍ថាបានបណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន ៥នាក់ ស្លាប់ដោយសារតែកញ្ចប់ជំនួយធ្លាក់សង្កត់លើពួកគេ និងបង្កឱ្យភាពចលាចល។

មិនតែប៉ុណ្ណោះ បើតាមក្រុមមន្ត្រីអាមេរិក គេត្រូវរង់ចាំពី៣០ ដល់៦០ថ្ងៃឯណោះ ក្នុងការសាងសង់កំពង់ផែបណ្ដោះអាសន្ន។ ការសម្រេចចិត្តរបស់រដ្ឋបាលលោក ចូ បៃដិន ត្រូវបានធ្វើឡើង ក្រោយមនុស្សច្រើនជាង១០០នាក់ ដែលកំពុងរង់ចាំទទួលយកជំនួយត្រូវបានសម្លាប់ និងរាប់រយនាក់ទៀតបានរងរបួសកាលពីខែកុម្ភៈនៅក្នុងការបាញ់ប្រហារទាំងកម្រោលពីកងទ័ពអ៉ីស្រាអែល។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់កាសែតអាមេរិក New York Times ថាភាពសាហាវព្រៃផ្សៃនេះបានផ្លាស់ប្ដូរការគិតរបស់រដ្ឋបាល លោក បៃដិន។ លោក Yousef Munayyer ជាប្រធានកម្មវិធីប៉ាឡេស្ទីន-អ៉ីស្រាអែល មកពីមជ្ឈមណ្ឌលអារ៉ាប់ (Arab Center) ក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាអ្វីដែលរដ្ឋបាលលោក បៃដិន កំពុងធ្វើនៅហ្កាហ្សា «វាប្រៀបដូចជាការយកទឹកមួយផ្ដិលទៅជួយពន្លត់ភ្លើង ខណៈបន្តផ្ដល់សាំងទៅឱ្យអ្នកដុតភ្លើង»។ តាមអ្នកវិភាគនយោបាយរូបនេះ រដ្ឋបាលលោក បៃដិន កំពុងព្យាយាម ដោះស្រាយបញ្ហានយោបាយមួយដែលកើតចេញពីការជ្រើសរើសគាំទ្រសង្រ្គាមរបស់អ៉ីស្រាអែល ដោយប្រើវិធីសាស្ត្រទម្លាក់ជំនួយតាមយន្ដហោះ និងសង់កំពង់ផែដើម្បីបន្សាបកំហឹង អ្នកបោះឆ្នោតអាមេរិកមួយចំនួនដែលកំពុងទាមទារឱ្យលោក ស្វែងរកបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា ក្រុមអ្នកធ្វើការងារពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌ ដូចជាលោក David Miliband ជាប្រធានគណៈកម្មាធិការជួយសង្រ្គោះអន្តរជាតិ (International Rescue Committee) យល់ថាការទម្លាក់ជំនួយមនុស្សធម៌តាមយន្ដហោះ និងការសង់កំពង់ផែបណ្ដោះអាសន្នរបស់សហរដ្ឋអាមេរិក គឺជាជម្រើសសេសសល់ចុងក្រោយដែលចំណាយច្រើន និងមានគ្រោះថ្នាក់ ហើយមិនអាចដោះស្រាយបញ្ហាបានឡើយ។ លោកបន្ថែមថាវិធីសាស្ត្របែបនេះមិនគួរត្រូវបានប្រើដើម្បីបង្វែរចំណាប់អារម្មណ៍ពីបទឈប់បាញ់នោះទេ ពីព្រោះថាមានតែបទឈប់បាញ់តែមួយគត់ ដែលអាចផ្ដល់ឱ្យជនស៊ីវិលនូវការការពារ លំហូរជំនួយ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងសេវាសុខាភិបាលចាំបាច់ទាំងឡាយ៕