(ប៉េកាំង)៖ ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិន ដែលបើកធ្វើជារៀងរាល់ឆ្នាំ របាយការណ៍ការងាររដ្ឋាភិបាល មិនត្រឹមតែជារបៀបវារៈសំខាន់ប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រធានបទចំណុចក្តៅមួយ ដែលទទួលបានការយកចិត្តទុកដាក់ខ្លាំងបំផុត ពីប្រព័ន្ធសារព័ត៌មានបរទេសផងដែរ។ ដោយឡែកនៅក្នុង របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ២០២៤ នេះ មានពាក្យគន្លឹះមួយចំនួន ដូចខាងក្រោម ដែលទទួលការចាប់អារម្មណ៍ខ្លាំងបំផុត ពីប្រព័ន្ធសារព័ត៌មានបរទេស។

ពាក្យគន្លឹះទីមួយ គឺ "កម្លាំងផលិតកម្មគុណភាពថ្មី"។ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ ២០២៤ នេះបានលើកឡើងថា នឹងជំរុញយ៉ាងខ្លាំងក្លា នូវការកសាង ប្រព័ន្ធឧស្សាហកម្មទំនើប និងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ។ នេះជាលើកទីមួយហើយដែលគោលគំនិត នៃកម្លាំងផលិតកម្មគុណភាពថ្មី ត្រូវបានប្រើប្រាស់ ក្នុងរបាយការណ៍ការងាររដ្ឋាភិបាល បន្ទាប់ពីវា ត្រូវបានលើកឡើងជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២៣។ ដូច្នេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះចំណុចនេះ។

វេបសាយនៃទស្សនាវដ្តី «Mordern Diplomacy» របស់អឺរ៉ុបបានចុះផ្សាយអត្ថបទថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ ២០២៤ នឹងផ្តោតសំខាន់លើ "កម្លាំងផលិតកម្មគុណភាពថ្មី" ដែលលើកឡើងដោយ លោកប្រធានរដ្ឋចិន Xi Jinping កាលពីខែកញ្ញា ឆ្នាំ ២០២៣។ នេះគឺជាគុណភាពនៃផលិតកម្មជឿនលឿនម្យ៉ាង ដែលជំរុញដោយការច្នៃប្រឌិតថ្មី ហើយក៏ជាមូលដ្ឋានសម្រាប់ជំរុញ ការសម្រេចបាននូវការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាខ្ពស់ ដោយឯករាជ្យម្ចាស់ការផងដែរ។

តាមការផ្សាយដំណឹងនៃវេបសាយ «Pakistan Today» បានឱ្យដឹងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ ២០២៤ នឹងបង្ហាញទៅកាន់ពិភពលោកពីសមិទ្ធផល នៃការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការអភិវឌ្ឍបៃតងរបស់ចិន ក៏ដូចជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចបែបថ្មី និងការអភិវឌ្ឍនិងវឌ្ឍនភាពរបស់សង្គមចិនផងដែរ។

នាពេលថ្មីៗកន្លងទៅនេះ វេបសាយ «Reporte Asia» របស់អាហ្សង់ទីនបានចុះផ្សាយអត្ថបទថា ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍ កម្លាំងផលិតកម្មគុណភាពថ្មី ដែលនឹងជួយប្រទេសចិនឱ្យទទួលបានការវិវឌ្ឍរីកចម្រើន ប្រកបដោយស្ថិរភាពក្នុងឧស្សាកម្មងើបឡើងថ្មី ជាយុទ្ធសាស្ត្រ ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំង ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ។

តាមការផ្សាយដំណឹងនៃវេបសាយព័ត៌មាន RAYHABER របស់តួកគីឱ្យដឹងថា ពីថាមពលថ្មី កុំព្យូទ័រ quantum ដល់មនុស្សយន្តខាងវិស័យឧស្សាហកម្ម ប្រទេសចិនសុទ្ធតែបានបង្ហាញពីនិន្នាការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា ក្នុងឧស្សាកម្មជាយុទ្ធសាស្ត្រ ដែលងើបឡើងថ្មី ឧស្សាហកម្មសំដៅទៅរកអនាគតនិងការធ្វើទំនើបកម្ម នៃឧស្សាហកម្មប្រពៃណីដែលបានបំពេញបន្ថែមនូវកម្លាំងចលករ ដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ប្រកបដោយនិរន្តរភាពនិងភាពល្អបរិសុទ្ធ។

ពាក្យគន្លឹះទីពីរ គឺ ៥ ភាគរយ។ នាពេលបច្ចុប្បន្ននេះ កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ ហើយការប៉ាន់ប្រមាណចំពោះល្បឿនកំណើនជាសកល របស់គ្រឹះស្ថានអន្តរជាតិជាច្រើន សុទ្ធតែទាបជាង ៣ ភាគរយ ។ ប្រទេសចិនបានកំណត់គោលដៅរំពឹងទុកនៃកំណើន GDP ក្នុងឆ្នាំនេះ គឺ ប្រហែល ៥ ភាគរយដែលស្មើនឹងគោលដៅនៅឆ្នាំ ២០២៣ វាស្របតាមការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅ ហើយក៏បាននាំមកនូវសញ្ញាវិជ្ជមាន ដល់ពិភពលោកផងដែរ។

ឥស្សរជនអ្នកវិភាគបានលើកឡើងថា ការកំណត់កំណើន ៥ ភាគរយជាគោលដៅរំពឹងទុក នៃកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំនេះ គឺ ឆ្លងតាមរយៈការបញ្ជាក់តាមបែបវិទ្យាសាស្ត្រ ដែលសមស្របនឹងលក្ខខណ្ឌប្រចាំឆ្នាំ នៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ សមស្របជាមូលដ្ឋាននឹងសក្តានុពលនៃកំណើនសេដ្ឋកិច្ច ពោលគឺ គោលដៅនេះអាចសម្រេចបានតាមការតស៊ូព្យាយាម។

គោលដៅបានកំណត់ច្បាស់លាស់ហើយ តើត្រូវអនុវត្តតាមរបៀបយ៉ាងណា? រដ្ឋាភិបាលចិនបានរៀបចំចាត់ចែងការងារសំខាន់ៗចំនួន ១០ នៅឆ្នាំនេះ ក្នុងនោះបូករួម ទាំងជំរុញយ៉ាងខ្លាំងក្លា នូវកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើប អនុវត្តឱ្យបានស៊ីជម្រៅនូវយុទ្ធសាស្រ្ត ស្តីពីការធ្វើឱ្យប្រទេសជាតិមានភាពចំរុងចំរើន តាមរយៈវិទ្យាសាស្រ្តនិងការអប់រំ ផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការ ក្នុងស្រុកនិងពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ជាដើម។ បើមើលពីផែនទីបង្ហាញផ្លូវទាំងនេះ អាចឃើញថា ប្រព័ន្ធសារព័ត៌មានបរទេស មានការយល់ដឹងកាន់តែជាក់ស្តែងចំពោះ"ឱកាសចិន"។

តាមការផ្សាយដំណឹងរបស់វេបសាយនៃកាសែត «The Wall Street Journal» អាមេរិកឱ្យដឹងថា តួលេខ ៥ ភាគរយនេះ គឺ ខ្ពស់ជាងការប៉ាន់ប្រមាណកាលពីមុន របស់គ្រឹះស្ថានអន្តរជាតិ ដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើមដែលមានន័យថា ថ្នាក់ដឹកនាំរបស់ចិនមានជំនឿចិត្តក្នុងការជំរុញយ៉ាងសកម្ម ដល់ស្ថានភាពសេដ្ឋកិច្ច ក្នុងស្រុក។ តាមការផ្សាយដំណឹងនៃកាសែត «The Independent» របស់រុស្ស៊ីឱ្យដឹងថា គោលដៅកំណើនប្រចាំឆ្នាំនៃ GDP ចំនួន ៥ ភាគរយគឺ មានន័យថា ប្រទេសចិននៅតែជាអង្គភាពសេដ្ឋកិច្ចសំខាន់ៗមួយ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត លើទូទាំងពិភពលោកដដែល។

ពាក្យគន្លឹះទីបី គឺ ការបើកទូលាយ។ ការបើកទូលាយគឺជាព័ត៌មានគន្លឹះមួយទៀត ដែលមជ្ឈដ្ឋានខាងក្រៅមានការចាប់អារម្មណ៍ ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិននៅឆ្នាំនេះ។ ពីការបន្ធូរបន្ថយការអនុញ្ញាតឱ្យចូល ទីផ្សារឧស្សាហកម្មសេវាកម្ម ដូចជា ទូរគមនាគមន៍និងសុខាភិបាលជាដើម ដល់ការពង្រីកការលើកទឹកចិត្តឱ្យវិនិយោគិនបរទេសបណ្តាក់ទុន រហូតដល់ការអនុវត្តឱ្យបានប្រាកដប្រជា នូវប្រតិបត្តិការ ៨ ចំណុចដើម្បីគាំទ្រការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ វិធានការស្តីពីការពង្រីក ការបើកទូលាយជាច្រើន ដែលបានកំណត់ក្នុងរបាយការណ៍នេះ បានបង្កើនជំនឿចិត្តរបស់សហគ្រាសពហុជាតិ។

ក្នុងបរិបទដែលសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចមួយចំនួន បាននិងកំពុងបង្កើត "របងការពារ" និង "កាត់ផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់" នាពេលបច្ចុប្បន្ន ប្រទេសចិន បាននិងកំពុងពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស ជាបន្តបន្ទាប់ដែលបានបំពេញបន្ថែម នូវស្ថិរភាពដ៏កម្រមានដល់ពិភពលោក ។ ពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិកនៅចិន បានចេញផ្សាយ «របាយការណ៍ស្ទាបស្ទង់បរិយាកាសធុរកិច្ចចិនឆ្នាំ ២០២៤»ដោយបង្ហាញថា ការប៉ាន់ប្រមាណរបស់ សហគ្រាសអាមេរិក នៅប្រទេសចិន ចំពោះអនាគតអភិវឌ្ឍន៍របស់ចិនក្នុងឆ្នាំ ២០២៣ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ហើយសហគ្រាសអាមេរិក ដែលចូលរួមផ្ដល់បទសម្ភាសន៍ចំនួន ៥០ ភាគរយចាត់ទុកប្រទេសចិនថា ជាគោលដៅវិនិយោគដំបូងគេឬឈរនៅលំដាប់ ៣ លេខខាងមុខលើទូទាំងពិភពលោក។

កំណត់គោលដៅឱ្យបានជាក់លាក់ ក៏ត្រូវខិតខំប្រឹងប្រែងឱ្យពេញទំហឹង។ ក្នុងបរិបទបច្ចុប្បន្នដែលការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយ មានភាពកាន់តែតានតឹង និងការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ប្រទេសចិននឹងជំរុញជាបន្តបន្ទាប់ នូវកំណើនខាងគុណភាពប្រកបដោយប្រសិទ្ធភាព និងកំណើនខាងបរិមាណដោយសមហេតុផល ក៏ដូចជានាំមកនូវកម្លាំងចលករថ្មី និងឱកាសថ្មីដល់ពិភពលោក តាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួនដោយឥតឈប់ឈរ៕

វិទ្យុមិត្តភាពកម្ពុជាចិន