(កូឡុំបូ)៖ កងទ័ពជើងទឹកស្រីលង្កាបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអាទិត្យនេះថា កងទ័ពជើងទឹករបស់ខ្លួន បានរឹបអូសកប៉ាល់នេសាទឥណ្ឌាចំនួន ៣គ្រឿង និងចាប់ខ្លួនអ្នកនេសាទឥណ្ឌា ២២ នាក់ ដែលបាននេសាទខុសច្បាប់នៅក្នុងដែនទឹកស្រីលង្កា ក្បែរទីក្រុង Karinagar ភាគខាងជើងប្រទេសស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

កងទ័ពជើងទឹកស្រីលង្កាបាននិយាយថា កប៉ាល់ត្រូវបានរឹបអូស ហើយអ្នកនេសាទត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការដែលបានធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ។

ប្រភពដដែលបានឱ្យដឹងទៀតថា កប៉ាល់នេសាទឥណ្ឌា និងអ្នកនេសាទដែលត្រូវបានឃាត់ខ្លួន ត្រូវបានផ្ទេរទៅកាន់កំពង់ផែ Kankesanthurai ហើយត្រូវបានប្រគល់ឱ្យអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់ការតាមផ្លូវច្បាប់។

កងទ័ពជើងទឹកបានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះក្នុងឆ្នាំ ២០២៤ ខ្លួនបានរឹបអូសកប៉ាល់នេសាទឥណ្ឌាចំនួន ១៥ គ្រឿង និងបានចាប់ខ្លួនអ្នកនេសាទឥណ្ឌាចំនួន ១១០ នាក់នៅក្នុងដែនទឹកស្រីលង្កា​។

គួរជម្រាថា អាជ្ញាធរស្រីលង្កា តែងតែធ្វើការល្បាតជាប្រចាំនៅក្នុងដែនទឹករបស់ខ្លួន។ ក្នុងឆ្នាំ ២០២៣ កងទ័ពជើងទឹកស្រីលង្កាបានចាប់ខ្លួនមនុស្សចំនួន ៣៤៣ នាក់ដែលចូលរួមក្នុងសកម្មភាពខុសច្បាប់ និងរឹបអូសបានទំនិញខុសច្បាប់រាប់ពាន់គីឡូក្រាមផងដែរ៕