(គែរ)៖ យោធាអាមេរិក បានបញ្ជូននាវាមួយគ្រឿង ទៅកាន់តំបន់ហ្កាហ្សា តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី ចូ​ បៃដិន សន្យាថានឹងសាងសង់កំពង់ផែ បណ្ដោះអាសន្នមួយ ដើម្បីផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមទីបញ្ជាការកណ្ដាលអាមេរិក CENTCOM នាវាអាមេរិកឈ្មោះ General Frank S. Besson បានចាកចេញពីមូលដ្ឋានទ័ពជើងទឹក Joint Base Langley-Eustis ក្នុងរដ្ឋ Virginia ក្នុងពេលមុនដល់៣៦ម៉ោង ស្រួលបួលផង ក្រោយលោក ចូ បៃដិន បានប្រកាសថាសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជន ក្នុងតំបន់ហា្កហ្សាតាមសមុទ្រ។

ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា CENTCOM បានឱ្យដឹងទៀតថានាវាខាងលើមានផ្ទុកបរិក្ខារសម្រាប់ការសាងសង់កំពង់ផែបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការផ្ដល់ស្បៀងអាហារដល់ប្រជាជនប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ការប្រកាសពីការសាងសង់កំពង់ផែបណ្ដោះអាសន្នរបស់លោក បៃដិន ធ្វើឡើង នៅក្នុងសុន្ទរកថាស្ដីពីស្ថានភាពប្រទេសជាតិទៅកាន់សភាទាំង២ របស់ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ និងបន្ទាប់ពីអង្គការសហប្រជាជាតិបានព្រមានពីការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃគ្រោះទុរភិក្សក្នុងចំណោម ប្រជាជនហ្កាហ្សាជាង ២.៣លាននាក់ ៥ខែ បន្ទាប់ពីអ៉ីស្រាអែលធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាស។ តំបន់ហ្កាហ្សាមិនមានហេដ្ឋារចសម្ព័ន្ធកំពង់ផែនោះទេ ហើយតំបន់នេះត្រូវបានបិទខ្ទប់ដោយកងទ័ពជើងទឹកអ៉ីស្រាអែលចាប់តាំងពីឆ្នាំ២០០៧៕