(រ៉ូម)៖ សម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) បានមានព្រះបន្ទូលក្នុងបទសម្ភាសន៍មួយថាអ៊ុយក្រែនគួរតែភាពក្លាហាន «លើកទង់ស» និងចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ក្រោយការឈ្លានពានរបស់ទីក្រុងមូស្គូអស់រយៈពេលជាង២ឆ្នាំមកនេះសម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ព្រះបន្ទូលបែបនេះរបស់សម្ដេចប៉ាប ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយស្វីស RSI ត្រូវបានថតទុកតាំងពីខែកុម្ភៈកន្លងទៅ និងនៅមុនការស្នើឡើង ចុងក្រោយបំផុតកាលពីថ្ងៃសុក្រ ទី៨ ខែមីនា របស់លោកប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយរវាងអ៊ុយក្រែន និងរុស្ស៉ី សំដៅស្វែងរកសន្តិភាពបញ្ចប់សង្រ្គាម។

នៅក្នុងជំនួបជាមួយលោក ហ្សេលេនស្គី ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល លោក អឺដូហ្កាន់បានលើកឡើងពីសំណើខាងលើទៅកាន់លោក ហ្សេលេនស្គី។ ទន្ទឹមគ្នា ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ថាខណៈរូបលោកចង់បានសន្តិភាពក៏ពិតមែន តែលោកនឹងមិនបោះបង់ចោលទឹកដីនោះទេ។ ផែនការសន្តិភាពរបស់ លោក ហ្សេលេនស្គី គឺតម្រូវឱ្យកងទ័ពរុស្ស៉ីទាំងអស់ដកចេញពីទឹកដីអ៊ុយក្រែន ប៉ុន្តែវិមានក្រឹមឡាំងបដិសេធផែនការសន្តិភាពរបស់ទីក្រុងកៀវ។

ពាក់ព័ន្ធនឹងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែននេះដែរ នៅពេលត្រូវបានសាកសួរពីគោលជំហររបស់ព្រះអង្គចំពោះការជជែកវែកញែករវាងអ្នកដែលថាអ៊ុយក្រែន គួរតែចុះចាញ់ ដោយសារតែមិនមានសមត្ថភាពវាយបណ្ដេញកងទ័ពរុស្ស៉ី និងអ្នកដែលថាការធ្វើបែបនេះគឺជាការលើកទឹកចិត្តដល់អ្នកឈ្លានពាន សម្ដេចប៉ាប បានមានបន្ទូលដូច្នេះថា «ខ្ញុំគិតថាអ្នកដែលយល់ថាអ៊ុយក្រែនគួរតែចុះចាញ់ គឺពួកគេកំពុងគិតលើស្ថានភាពជាក់ស្ដែង គិតអំពីជីវិតមនុស្ស និងភាពក្លាហាន លើកទង់ស និងការចរចាបញ្ចប់សង្រ្គាម ហើយកិច្ចចរចាគួរតែធ្វើឡើងដោយមានការជួយពីមហាអំណាចផ្សេងទៀត»។

តាមសម្ដេច ប៉ាប ពាក្យចរចា គឺជាពាក្យក្លាហានមួយ ដ្បិតនៅពេលដែលគេមើលឃើញខ្លួនឯងកំពុងបរាជ័យ គេត្រូវតែមានភាពក្លាហានដើម្បីចរចា។ បន្ថែមពីលើនេះ ជាផ្នែកនៃបទសម្ភាសន៍នេះដែរ ពោលនៅពេលនិយាយពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស សម្ដេចប៉ាបបានសង្កត់ធ្ងន់ថា «ការចរចាមិនមែនមានន័យថាជា ការសុំចុះចាញ់នោះទេ»

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុតដែលសម្ដេចប៉ាប មានបន្ទូលពីការលើកទង់សបែបនេះ ក្នុងកិច្ចពិភាក្សាពីសង្រ្គាមអ៊ុយក្រែន ដោយកន្លងមកព្រះអង្គតែងតែ លើកឡើងជារឿយៗពីភាពចាំបាច់នៃកិច្ចចរចាប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យបុរីវ៉ាទីកង់ លោក Matteo Bruni បាននិយាយថាអ្វីដែលសម្ដេចប៉ាប បានព្រះបន្ទូលពីការលើកទង់ស គឺព្រះអង្គចង់ផ្ដោតលើការបញ្ឈប់ការកាប់សម្លាប់គ្នា និងជំរុញឱ្យមានភាពក្លាហានស្វែងរកកិច្ចចរចាបញ្ចប់សង្រ្គាម។