(ហ្សឺណែវ)៖ ប្រធានទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) លោក Philippe Lazzarini បាននិយាយថា លោកមានសុទិដ្ឋិនិយមណាស់ថាម្ចាស់ជំនួយមួយចំនួននឹងចាប់ផ្តើមផ្តល់មូលនិធិឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត តែព្រមានថាប្រតិបត្តិការរបស់ខ្លួនស្ថិតក្នុងហានិភ័យនៃការដួលរលំ ក្រោយការផ្អាកមូលនិធិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ ២០២៤។

ការពិនិត្យឡើងវិញដោយឯករាជ្យលើប្រតិបត្តិការរបស់ UNRWA ធ្វើឡើងក្រោមការដឹកនាំរបស់អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna ហើយគេរំពឹងថារបាយការណ៍ចុងក្រោយនឹងបោះពុម្ពនៅខែក្រោយ។ លោក Lazzarini បានប្រាប់បទសម្ភាសន៍មួយថា «ខ្ញុំមានសុទិដ្ឋិនិយមណាស់ថាក្នុងប៉ុន្មានសប្តាហ៍ទៀត ហើយអាចនៅបន្ទាប់ពីមានការចេញផ្សាយរបាយការណ៍របស់ លោកស្រី Catherine Colonna ម្ចាស់ជំនួយមួយចំនួននឹងត្រឡប់មកវិញ»។ លោក Lazzarini បានបន្ថែមថា «UNRWA ស្ថិតក្នុងហានិភ័យនៃការដួលរលំ ហានិភ័យនៃការដកចេញ»។

គួរបញ្ជាក់ថា UNRWA ដែលជាអ្នកផ្តល់ជំនួយ និងសេវាកម្មសំខាន់ៗដល់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា West Bank និងនៅទូទាំងតំបន់នោះ បានជួបវិបត្តិចាប់តាំងពីអ៉ីស្រាអែលបានចោទប្រកាន់បុគ្គលិក ១២នាក់ក្នុងចំណោមបុគ្គលិក ១៣,០០០នាក់របស់ខ្លួននៅតំបន់ហ្គាហ្សា ពីភាពជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែល៕