(ព័រអ៊ូព្រីន)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះជិត ៣,០០០នាក់នៅក្នុងរដ្ឋធានី Port-au-Prince របស់ប្រទេសហៃទី អាចប្រឈមមុខនឹងបញ្ហាលំបាកក្នុងការស្វែងរកការថែទាំសុខភាព ប្រសិនបើអំពើហិង្សាដោយក្រុមជនអន្ធពាលនៅតែបន្តកើតមានក្នុងទីក្រុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ ២០២៤។

រដ្ឋាភិបាលហៃទី បន្តដាក់ប្រទេសក្នុងភាពអាសន្នចំពេលមានសកម្មភាពឆក់ប្លន់ និងការវាយប្រហារជាច្រើនលើប៉ុស្តិ៍ប៉ូលិស។ ក្រុមជនអន្ធពាលប្រដាប់ដោយអាវុធកំពុងអំពាវនាវឱ្យមានការផ្ដួលរំលំរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Ariel Henry ដែលកំពុងស្ថិតនៅឯដែនដីព័រតូរីកូ ហើយមិនអាចត្រលប់ចូលស្រុកបាន និងកំពុងតស៊ូប្រមូលផ្តុំការគាំទ្រពីអន្តរជាតិ។

ការិយាល័យសម្រាប់ការធ្វើសមាហរណកម្មរបស់អង្គការសហប្រជាជាតិនៅហៃទី (BINUH) បានប្រកាសថា ប្រសិនបើស្ថានភាពបែបនេះនៅតែបន្ត នោះស្ត្រីចំនួន ៤៥០នាក់ក្នុងចំណោម ៣,០០០នាក់ត្រូវប្រឈមនឹងហានិភ័យនៃផលវិបាកផ្នែកសម្ភពដែលអាចបណ្តាលឱ្យស្លាប់បាន ខណៈដែលអ្នករស់រានមានជីវិតពីអំពើហិង្សាជាង ៥០០នាក់ អាចត្រូវបានទុកចោលដោយគ្មានការថែទាំសុខភាពនៅចុងខែមីនា។

សេចក្តីថ្លែងការណ៍របស់ BINUH បានបញ្ជាក់ថា «អំពើហិង្សាផ្លូវភេទលើស្ត្រី និងក្មេងស្រីត្រូវបានប្រើប្រាស់ជាអាវុធនៃសង្គ្រាម ការបំភិតបំភ័យ ការគ្រប់គ្រងទឹកដី និងការត្រួតត្រា ខណៈដែលអង្គការដៃគូដែលធ្វើការដើម្បីការពារអំពើហិង្សាយេនឌ័រនៅជំរំសម្រាប់ជនភៀសខ្លួនក្នុងស្រុក បានកាត់បន្ថយ ឬបញ្ឈប់សេវាកម្មភាគច្រើន ក្រោមហេតុផលសុវត្ថិភាព»។

គួរបញ្ជាក់ថា មានរបាយការណ៍នៃការរីរាលដាលនូវករណីចាប់រំលោភពីសំណាក់ក្រុមជនអន្ធពាលក្នុងប្រទេសហៃទី ខណៈដែលពួកគេពង្រីកការគ្រប់គ្រងរបស់ខ្លួន។ ជនរងគ្រោះជាច្រើនមិនហ៊ានរាយការណ៍ឡើយ ដោយសារខ្លាចមានការសងសឹកវិញ៕