(អង់ការ៉ា)៖ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់របស់តួកគី (MIT) បានប្រកាសថា អាជ្ញាធរតួកគីបានចាប់ខ្លួនមនុស្សចំនួន ៦នាក់ និងចោទប្រកាន់ពួកគេពីបទធ្វើចារកម្មសម្រាប់ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ Mossad របស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ ២០២៤។

ដំបូងឡើយ ប៉ូលិសបានឃាត់ខ្លួនមនុស្ស ៧នាក់ដែលរួមមានអ្នកស៉ើបអង្កេតឯកជនម្នាក់ផងដែរ ពីបទលក់ព័ត៌មានទៅឱ្យទីភ្នាក់ងារ Mossad តែក្រោយមកម្នាក់ទៀតត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ អ៉ីស្រាអែល នៅមិនទាន់ការអត្ថាធិប្បាយទេជុំវិញបញ្ហានេះ។

គួរបញ្ជាក់ថា កាលពីខែមករា តុលាការតួកគីបានបង្គាប់ឱ្យចាប់ខ្លួនមនុស្សចំនួន ១៥នាក់ ហើយត្រូវនិរទេសមនុស្ស ៨នាក់ផ្សេងទៀតដែលសង្ស័យមានទំនាក់ទំនងជាមួយទីភ្នាក់ងារ Mossad និងកំណត់គោលដៅលើជនជាតិប៉ាឡេស្ទីនដែលរស់នៅតួកគី។ កាល​ពី​ខែ​កុម្ភៈ តួកគីក៏បានឃុំខ្លួនមនុស្ស ៧នាក់​ដែលបានលក់​ព័ត៌មាន​ទៅ​ឲ្យទីភ្នាក់ងារ Mossad៕