(ប៉េកាំង)៖ ក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ថ្លែងដោយឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង នាមហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៤ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ប្រទេសចិនបានដាក់ចេញ នូវការងារអាទិភាពសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ២០២៤ ដែលក្នុងនោះរួមមានការខិតខំ ធ្វើទំនើបកម្មប្រព័ន្ធឧស្សាហកម្ម និងការអភិវឌ្ឍ “កម្លាំងផលិតថ្មីប្រកបដោយគុណភាព” ក្នុងល្បឿនដ៏លឿនជាងមុន។

តើអ្វីទៅជា “កម្លាំងផលិតថ្មីប្រកបដោយគុណភាព”? គោលគំនិតនេះត្រូវបានប្រើប្រាស់ជាលើកដំបូងដោយឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋចិន ក្នុងឱកាសដំណើរទស្សនកិច្ចត្រួតពិនិត្យ និងស្រាវជ្រាវទៅកាន់ខេត្តហឺឡុងជាំង ប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០២៣ ហើយត្រូវបានរំលេចសាជាថ្មីម្តងទៀត ក្នុងសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិម កាលពីខែធ្នូ ឆ្នាំ២០២៣ និងបានក្លាយជាគោលគំនិត ដែលទទួលបានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្ពស់ នាសម័យប្រជុំមហាសន្និបាតទាំងពីរ ដែលបាន និងកំពុងរៀបចំ នៅទីក្រុងប៉េកាំង នៅថ្ងៃទី៤-១១ ខែមីនា ឆ្នាំ២០២៤។

តាមទស្សនៈរបស់ឯកឧត្តម ស៊ី ជីនពីង “កម្លាំងផលិតថ្មីប្រកបដោយគុណភាព” សំដៅទៅលើផលិតភាពកម្រិតខ្ពស់ ដែលងាកចេញពីគំរូកំណើនសេដ្ឋកិច្ចបែបប្រពៃណី ឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ដែលផ្អែកលើបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងគុណភាពខ្ពស់។ ដើម្បីអភិវឌ្ឍកម្លាំងផលិតថ្មីប្រកបដោយគុណភាព រដ្ឋាភិបាលចិនចាំបាច់ ត្រូវបន្តខិតខំជំរុញរបកគំហើញថ្មីជាបន្តបន្ទាប់ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាទំនើប។

ដូចមានគូសបញ្ជាក់ក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលឆ្នាំ២០២៤ ប្រទេសចិនបានប្តេជ្ញា (១) ធ្វើឱ្យប្រសើរឡើងនូវច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្ម (២) អភិវឌ្ឍយ៉ាងសកម្មនូវឧស្សាហកម្មផ្តោតលើអនាគត និងឧស្សាហកម្មដែលកំពុងតែរីកចម្រើន និង (៣) លើកកម្ពស់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ នៃសេដ្ឋកិច្ចឌីជីថល ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចចិន លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងសម្រេចឱ្យបាននូវទំនើបកម្មរបស់ចិនលើគ្រប់វិស័យ។

ការផ្តោតលើការអភិវឌ្ឍ កម្លាំងផលិតថ្មីប្រកបដោយគុណភាពរបស់ចិន បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម ស៊ី ជីនពីង ក្នុងការដឹកនាំប្រទេសចិនឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចថ្មី ដែលផ្តោតលើការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ ជាលទ្ធផល ទោះបីជាប្រទេសចិន ជួបប្រទះនឹង បញ្ហាប្រឈមក្នុងស្រុក និងសកលមួយចំនួនក្តី សេដ្ឋកិច្ចចិននៅតែអាចសម្រេចបានកំណើន ៥,២% ក្នុងឆ្នាំ២០២៣ ស្របពេលដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងកំណើនយឺត។ នេះបានបង្ហាញយ៉ាងជាក់ច្បាស់អំពីភាពធន់ និងភាពរឹងមាំនៃសេដ្ឋកិច្ចចិន។

ការប្តេជ្ញាចិត្តរបស់ចិនក្នុងការអភិវឌ្ឍកម្លាំងផលិតថ្មីប្រកបដោយគុណភាព នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក តាមរយៈការផ្តល់ឱ្យបណ្តាប្រទេសនានា លើពិភពលោក នូវលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើប និងការផ្លាស់ប្តូរបទពិសោធន៍ លើវិស័យបច្ចេកវិទ្យា រួមមានបច្ចេកវិទ្យា៥ជី បញ្ញាសិប្បនិម្មិត ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ និងសេដ្ឋកិច្ចឌីជីថលជាដើម។

ការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ចិនលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នឹងជួយលើកកម្ពស់ការផ្ទេរចំណេះដឹង និងការអភិវឌ្ឍជំនាញបច្ចេកវិទ្យា នៅតាមបណ្តាប្រទេសនានា។ តួយ៉ាង ប្រទេសចិនបានបង្កើតភាពជាដៃគូផ្នែកវិទ្យាសាស្ត្រជាមួយប្រទេស និងតំបន់ជាង ១៦០ ទូទាំងពិភពលោក ក្នុងវិស័យថាមពលស្អាត បញ្ញាសិប្បនិម្មិត និងជីវវេជ្ជសាស្ត្រ ដើម្បីជំរុញនវានុវត្តន៍បន្ថែមទៀត និងបង្កើនល្បឿននៃការអភិវឌ្ឍកម្លាំងផលិតថ្មីប្រកបដោយគុណភាព។ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើការផ្ទេរបច្ចេកវិទ្យា ក្នុងវិស័យខាងលើនឹងប្រាកដជារួមចំណែកដល់ការបង្កើនសមត្ថភាពកម្លាំងពលកម្ម លើកកម្ពស់នវានុវត្តន៍/កំណើនផលិតភាព និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងពិភពលោក។

សម្រាប់កម្ពុជា វឌ្ឍនភាពលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍របស់ចិន គឺជាឱកាសសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចឌីជីថល របស់ខ្លួនប្រកបដោយបរិយាប័ន ភាពធន់ និងការប្រកួតប្រជែង។ ក្នុងឱកាសទស្សនកិច្ចផ្លូវការនៅប្រទេសចិន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា និងចិនបានចុះ MOU ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញការតភ្ជាប់ឌីជីថល ធនធានមនុស្ស និងអក្ខរកម្មឌីជីថល រំហូរទិន្នន័យឆ្លងកាត់ព្រំដែន ថ្នាល និងសេវាកម្មឌីជីថល សំដៅឆ្ពោះទៅបរិវត្តកម្មឌីជីថល។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងការធ្វើបវិវត្តកម្មឌីជីថលក្នុងឧស្សាហកម្មប្រពៃណី ការបង្កើតគំរូអភិវឌ្ឍន៍ថ្មី ការបង្កើតថ្នាលថ្នាក់តំបន់ដើម្បីបង្ហាញពី កិច្ចសហប្រតិបត្តិការនៃសេដ្ឋកិច្ចឌីជីថល ការកសាងទីក្រុងឆ្លាតវៃ និងសួនឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល សម្រាប់ការបង្ហាញជាដើម។

អត្ថប្រយោជន៍ទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បង្កើតឱកាសការងារថ្មីៗដល់ប្រជាពលរដ្ឋ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ សរុបមកវិញ នាពេលអនាគត ប្រទេសចិនពិតជា មានសក្តានុពលធំធេង និងការប្រកួតប្រជែងខ្ពស់ ក្នុងការអភិវឌ្ឍកម្លាំងផលិតថ្មីប្រកបដោយគុណភាព ដែលនឹងមិនត្រឹមតែក្លាយទៅជា កាតាលីករសម្រាប់កំណើនសេដ្ឋកិច្ចចិននោះទេ តែថែមទាំងបង្កើតកម្លាំងជំរុញថ្មី ដល់កំណើនសេដ្ឋកិច្ចតំបន់ និងពិភពលោកផងដែរ៕

ដោយ ហ៊ូ ចំរើន