(ប៉េកាំង)៖ កាលពីថ្ងៃទី៥ ខែមីនា ហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនម្តងទៀត ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់ ឱ្យនាវាចម្បាំង ដែលទុកចោលដោយខុសច្បាប់ នៅថ្មប៉ប្រះទឹក Ren’ai ។ ក្នុងវីដេអូដែលភាគីចិនបានចេញផ្សាយ អ្នកផងទាំងពួងអាចឃើញច្បាស់ថា នាវាឆ្មាំសមុទ្រលេខ ៤៤០៧ របស់ភាគីហ្វីលីពីនមិនអើពើ នឹងការព្រមានម្តងហើយម្តងទៀតរបស់ភាគីចិន ទៅខិតជិតនិងបំបុកនាវាឆ្មាំសមុទ្រលេខ ២១៥៥៥ របស់ចិនដែលកំពុងអនុវត្តច្បាប់ ជាប្រក្រតី ដែលបណ្តាលឱ្យកើតមានការកកិតក្នុងកម្រិតស្រាល។ ឆ្មាំសមុទ្រចិនបានធ្វើប្រតិបត្តិការដោយវិជ្ជាជីវៈ រក្សាការអត់ធ្មត់ សមហេតុផលនិងស្របច្បាប់នៅហ្នឹងកន្លែង។

ដើម្បីសម្រេចបាននូវគោលបំណង ដែលចង់ទន្ទ្រានកាន់កាប់កោះ និងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ភាគីហ្វីលីពីនបានប្រើប្រាស់មធ្យោបាយ យ៉ាងហោចណាស់ចំនួនបី៖ ទីមួយ ប្រឌិតរឿងក្លែងក្លាយ ដើម្បីទម្លាក់កំហុសទៅលើភាគីចិន ។ ពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានចាត់បញ្ជូនទូកនិងនាវាចម្បាំង បំពានចូលថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan របស់ចិនជាញឹកញាប់ ដោយបង្ករឿងហេតុចំពោះប្រទេសចិន ឥតឈប់ឈរ។ ដើម្បីបញ្ឆោតសហគមន៍អន្តរជាតិ វាបានមួលបង្កាច់វិធានការគាំពារ សិទ្ធិដ៏សមហេតុផល និងត្រឹមត្រូវរបស់ចិន ទៅជា “ការបណ្តេញដោយអំពើហិង្សា”និង “រំខានដល់អ្នកនេសាទហ្វីលីពីនធ្វើការ”ជាដើម ដើម្បីក្លែងពុតជាជនរងគ្រោះ។ បន្ទាប់ពីភាគីចិនប្រកាសវីដេអូអំពីសភាពការណ៍ នៅហ្នឹងកន្លែង ពិភពលោកក៏កាន់តែឃើញច្បាស់ថា ប្រទេសធំឬតូចមិនមែនជាស្តង់ដារសម្រាប់វិនិច្ឆ័យអំពើល្អអាក្រក់ទេ ខុសនិងត្រូវគឺមិនអាចបំភ្លៃបានទាំងស្រុងទេ។

ទីពីរ បង្កអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ ដែលប៉ុនប៉ងបន្ថែមថ្នូរនយោបាយក្នុងការចរចាជាមួយចិន ។ កាលពីខែកុម្ភៈឆ្នាំនេះ ព្រឹទ្ធសភាហ្វីលីពីនបានអនុម័តអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រ” ដែលដាក់បញ្ចូលកោះ Huangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើននៃប្រជុំកោះ Nansha ព្រមទាំងលំហសមុទ្រពាក់ព័ន្ធរបស់ចិន នៅក្នុងតំបន់សមុទ្ររបស់ហ្វីលីពីន ដោយខុសច្បាប់ ក្នុងន័យប៉ុនប៉ងអនុវត្តការកាត់ក្តីដោយខុសច្បាប់ ក្នុងរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង តាមរយៈការតាក់តែងច្បាប់ក្នុងស្រុក។

មូលហេតុសំខាន់ដែលភាគីហ្វីលីពីនបានលើកឡើងគឺ កោះ Huangyan ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ហ្វីលីពីន។ តែប្រការនេះវាគ្មានភស្តុតាងអ្វីទាល់តែសោះ ។ ដីគោកគ្រប់គ្រងសមុទ្រ វាគឺជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់សមុទ្រអន្តរជាតិ។ យោងតាមការកំណត់នៃ《អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ》ប្រទេសតាមឆ្នេរសមុទ្រអាចបង្កើត តំបន់សេដ្ឋកិច្ចពិសេស ចម្ងាយ២០០ម៉ាយសមុទ្រ តែគ្មានសិទ្ធិបំផ្លាញអធិបតេយ្យភាពទឹកដី ដែលមានស្រាប់តាំងពីបូរាណកាល មករបស់ប្រទេសដទៃទៀតទេ។ ទីបី ឃុបឃិតគ្នាជាមួយប្រទេសផ្សេងទៀត បង្កើតជាបក្សពួក ដើម្បីពង្រឹងអំណាចខ្លួនឯង។ ចាប់ពីបានឡើងកាន់មុខតំណែង កាលពីខែមិថុនាឆ្នាំ២០២២មក រដ្ឋាភិបាលហ្វីលីពីនអាណត្តិថ្មីបានប្រាស្រ័យទាក់ទងជាញឹកញាប់ ជាមួយសហរដ្ឋអាមេរិកក្នុងវិស័យការទូត និងការពារសន្តិសុខ។

មន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា នឹងផ្តល់ការការពារខាងសន្តិសុខដល់ហ្វីលីពីន ដោយអនុលោមតាម អនុសញ្ញាស្តីពីការការពាររួមគ្នា របស់អាមេរិកនិងហ្វីលីពីន។ តាមការពិត នេះជានុយបញ្ឆោតក្នុងគោលបំណងនាំឱ្យភាគីហ្វីលីពីន ក្លាយជាទ័ពស្រួចក្នុងការធ្វើបដិបក្ខគ្នា ជាមួយនឹងចិន ដើម្បីញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងចិននិងប្រទេសជិតខាង។ សន្តិភាពនិងកិច្ចសហប្រតិបត្តិការ ជាសំឡេងរួម របស់ប្រទេសក្នុងតំបន់។ ភាគីហ្វីលីពីនគួរតែរក្សាភាពស្ងៀមស្ងាត់ ស្តាប់សំឡេងរបស់ពហុភាគី ដែលបូករួមទាំងប្រទេសជិតខាង។ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែង ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី លើកនេះថា “យើងជាប្រទេសឯករាជ្យមួយ មិនចង់ស្តាប់បង្គាប់របស់ ប្រទេសធំណាមួយទេ យើងនិងប្រទេសចិនគ្មានបញ្ហាអីទេ។” ភាគីហ្វីលីពីនក៏កាន់តែត្រូវយល់ថា លើក្តារអុកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ហ្វីលីពីនបានគ្រវីទង់ជួយស្រែកបន្ទរ ដោយខ្លួនឯង ហាក់ដូចជាចូលក្នុងល្បែងស៊ីសង ដែលចាក់ភ្នាល់អ្វីទាំងអស់មួយលើក។ មេរៀនប្រវត្តិសាស្ត្របានបង្ហាញថា ចុងក្រោយកូនអុកនឹងក្លាយជា អុកដែលត្រូវគេបោះបង់ចោល៕

វិទ្យុមិត្តភាពកម្ពុជាចិន