(កៀវ)៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសរបស់លោក នឹងទទួលបាន​ថវិកា៦ពាន់លានអឺរ៉ូ ឬស្មើនឹង៦.៦ពាន់លានដុល្លារអាមេរិក ពីសហភាពអឺរ៉ុប (EU) ក្នុងពេល២ខែខាងមុខ នៅក្រោមកម្មវិធីមួយរបស់ EU សម្រាប់អ៊ុយក្រែន ដែលមានរយៈពេលសរុប៤ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤។

លោក Shmyhal បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែនរំពឹងទទួលបានថវិកា៤.៥ពាន់លានអឺរ៉ូ ក្នុងខែមីនានេះ និង១.៥ពាន់លានអឺរ៉ូទៀត នៅខែមេសាខាងមុខ។ លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានលើកឡើងដូច្នេះថា «ក្នុងឆ្នាំនេះ យើងមានគោលដៅទទួលបានថវិកាប្រហែល ​១៦ពាន់លានអឺរ៉ូបពីសហភាពអឺរ៉ុប។ ពួកយើងនឹងមានធនធានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធហើយទទួលជ័យជម្នះ។ វាគឺជាកម្មវត្ថុចម្បងរបស់យើង ហើយយើងនឹងធ្វើគ្រប់យ៉ាងតាមលទ្ធភាព ដើម្បីសម្រេចគោលដៅនេះឱ្យបាន»។ ខណៈឥឡូវសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ស្ថិតក្នុងឆ្នាំទី៣ហើយនោះ អ៊ុយក្រែនបន្តត្រូវការជាចាំបាច់ នូវការគាំទ្រផ្នែកសេដ្ឋកិច្ចនិងយោធា ពីក្រុមសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន។

គួរបញ្ជាក់ថា យោងតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ទីក្រុងកៀវទទួលបានជំនួយថវិកាពីបរទេស សរុប៧៣.៦ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣។ យ៉ាងណាមិញ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤នេះ អ៊ុយក្រែនទទួលបានថវិកាជំនួយត្រឹម​១.២ពាន់លានដុល្លារប៉ុណ្ណោះ ដោយសារតែកញ្ចប់ជំនួយធំៗត្រូវបានពន្យារពេល ឬជាប់គាំង។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko ធ្លាប់បាននិយាយថា អ៊ុយក្រែនត្រូវការថវិកាប្រមាណ ៣ពាន់លានដុល្លារ ក្នុង១ខែ ដើម្បីអាចឆ្លងផុតឆ្នាំ២០២៤៕