(តៃប៉ិ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ តៃវ៉ាន់បានទទូចឱ្យទីក្រុងប៉េកាំង កុំកែប្រែស្ថានភាពដើមនៅជុំវិញទីប្រជុំកោះរបស់តៃវ៉ាន់ ដែលនៅក្បែរ​ឆ្នេរសមុទ្ររបស់ចិន តាមរយៈការបញ្ជូននាវាឆ្មាំសមុទ្រចិន ចូលទៅកាន់តំបន់ហាមឃាត់ ហើយបានសង្កត់ធ្ងន់ថា ភាពតានតឹងគួរតែស្ថិតក្នុង​កម្រិតដែលអាចគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤។

កាលពីខែកុម្ភៈកន្លងទៅនេះ ទីក្រុងប៉េកាំងបានចាប់ផ្តើមការល្បាតជាប្រចាំ ដោយកងកម្លាំងឆ្មាំសមុទ្រខ្លួន នៅក្បែរទីប្រជុំកោះ Kinmen របស់តៃវ៉ាន់ ដែលនៅមិនឆ្ងាយប៉ុន្មានពីឆ្នេររបស់ចិនឡើយ បន្ទាប់ពីអ្នកនេសាទជនជាតិចិន២នាក់ បានបាត់បង់ជីវិត ពេលព្យាយាមរត់គេច​ពីឆ្មាំសមុទ្រតៃវ៉ាន់។ លោក Jan Jyh-horng អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការចិនរបស់តៃវ៉ាន់ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា «ស្ថានការណ៍បច្ចុប្បន្ននៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ គួរតែស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ យើងមិនចង់មើលឃើញ សកម្មភាពណាមួយ ដែលធ្វើឱ្យខូចស្ថានភាពដើមឡើយ»

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ ជាផ្នែកដែលមិនអាចកាត់ផ្តាច់បានឡើយ នៃទឹកដីរបស់ប្រទេសចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំង នៅក្បែរតៃវ៉ាន់ តាមរយៈការចល័តយន្តហោះ និងនាវាចម្បាំង សឹងតែរៀងរាល់ថ្ងៃចូលមកក្បែរៗ​ដែនកោះនេះ។ ចិនបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញ នៅថ្ងៃណាមួយជាមួយតៃវ៉ាន់ ទោះបីត្រូវប្រើកម្លាំងយោធាក៏ដោយ៕