(ឌូប៉ៃ)៖ ទីភ្នាក់ងារដែនសមុទ្ររបស់ចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ឧបទ្ទវហេតុថ្មីមួយត្រូវបានគេរាយការណ៍ នៅក្នុងដែនទឹកចម្ងាយប្រហែល ៥០ ម៉ាយពីភាគអាគ្នេយ៍នៃទីក្រុង Aden ប្រទេសយេម៉ែន ជាកន្លែងដែលពួកសកម្មប្រយុទ្ធ Houthi បាននិងកំពុងវាយប្រហារលើនាវាដឹកទំនិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បាននិយាយថា អាជ្ញាធរកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ខណៈដែលក្រុមហ៊ុនសន្តិសុខ Ambrey ដែលជាក្រុមហ៊ុនឯកជន បាននិយាយថា ខ្លួនក៏បានដឹងអំពីឧបទ្ទវហេតុនេះដែរ ដែលវាបានកើតឡើងនៅចម្ងាយជិត ៥២ ម៉ាយពីភាគខាងត្បូងនៃទីក្រុង Aden ហើយក៏កំពុងស៊ើបអង្កេតផងដែរ។

គួរជម្រាបថា ក្រុម Houthi យេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីខែវិច្ឆិកាមក ពួកគេបានបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលជាច្រើន ទៅលើការដឹកជញ្ជូននៅសមុទ្រក្រហម ច្រកសមុទ្រ Bab el-Mandeb និងឈូងសមុទ្រ Aden ដើម្បីសម្តែង​នូវ​សាមគ្គីភាព​ជាមួយ​ប៉ាឡេស្ទីន​ជុំវិញ​សង្រ្គាម​នៅ​ហ្គាហ្សា។

កាលពីថ្ងៃពុធកន្លងទៅ មានសេចក្តីរាយការណ៍ថា ក្រុមនេះបានបើកការវាយប្រហារទៅលើនាវាដឹកទំនិញរបស់សហរដ្ឋអាមេរិក ដោយបានបណ្តាលឱ្យស្លាប់មនុស្សចំនួន ០៣នាក់ ដែលវាជាលើកទីមួយហើយ ដែលមានករណីមនុស្សស្លាប់បាត់បង់ជីវិត៕