(មូស្គូ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរុស្ស៉ី បានព្រមានដល់ពលរដ្ឋរបស់ខ្លួនឱ្យចៀសវាងការជួបជុំគ្នាទ្រង់ទ្រាយធំ នៅក្នុងទីក្រុងមូស្គូ ដោយសារតែអ្វីដែលខ្លួននិយាយថា បានទទួលរបាយការណ៍អំពីផែនការវាយប្រហារ ពីសំណាក់ក្រុមជ្រុលនិយម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ​ ទី៨ ខែមីនា ឆ្នាំ ២០២៤។

ដោយមិនបញ្ជាក់លម្អិតបែបផែននៃការវាយប្រហារ ស្ថានទូតអាមេរិកដែលបានណែនាំពលរដ្ឋរបស់ខ្លួនចាកចេញពីរុស្ស៉ីជាថ្មីម្តងទៀត គ្រាន់តែប្រាប់ឱ្យពលរដ្ឋអាមេរិកចៀសវាងការជួបជុំគ្នាជាក្រុមធំៗ ហើយស្តាប់ការជូនដំណឹងពីស្ថានទូតជាប់ជាប្រចាំ។ បើតាមសេចក្តីជូនដំណឹង នៅលើគេហទំព័ររបស់ស្ថានទូត «ស្ថានទូតកំពុងតាមដាននូវរបាយការណ៍ដែលថា មានក្រុមជ្រុលនិយមមួយចំនួន រៀបចំផែនការកំណត់គោលដៅ លើការជួបជុំទ្រង់ទ្រាយធំក្នុងទីក្រុងមូស្គូ រួមទាំងការប្រគុំតន្រ្តី ហើយពលរដ្ឋអាមេរិកត្រូវបានណែនាំឱ្យ ចៀសវាងនូវជួបជុំគ្នាលក្ខណៈបែបនេះរហូតដល់ ៤៨ម៉ោងក្រោយ»។

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន កំពុងធ្វើឱ្យទំនាក់ទំនងរវាងលោកខាងលិច និងរុស្ស៉ីកាន់តែធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងជ្រៅ គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបា។ វិមានក្រឹមឡាំង បានឱ្យដឹងថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក មិនកំពុងតែកាន់តែអាក្រក់ទៅទេ ហើយថាសហរដ្ឋអាមេរិកកំពុងប្រយុទ្ធប្រឆាំងរុស្ស៉ី ដោយការគាំទ្រអ៊ុយក្រែននូវថវិកា អាវុធ និងព័ត៌មានសម្ងាត់៕

រូបភាពពី Reuters