(ព្រុចសែល)៖ ប្រទេសស៊ុយអែតបានក្លាយជាប្រទេស នៃសមាជិកទី៣២របស់អង្គការណាតូ។ ការប្រកាស ជាផ្លូវការបានធ្វើនៅថ្ងៃទី៧ មីនា ឆ្នាំ២០២៤ក្នុងពិធីមួយក្នុងរដ្ឋធានីវ៉ាស៊្ហីនតោនសហរដ្ឋអាមេរិក។ ប្រទេសស៊ុយអែត បានសម្តែងក្តីរីករាយដែលរំពឹងថា ការចូលជាសមាជិកអង្គការណាតូនឹង ធ្វើឱ្យប្រទេសរបស់ខ្លួនផុតពី ការគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី។ តើអង្គការណាតូ ជាអង្គការ នៃទំនុកចិត្តការពារសន្តិសុខពិភពលោកមែនដែរឬទេ? ប្រទេសស៊ុយអែតត្រូវបានប្រកាសជាផ្លូវការ ចូលរួមជាមួយនឹងអង្គការណាតូហើយ គ្រាដែល សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យប្រទេសនេះ ប្រញាប់បោះបង់ចោលនូវជំហរអព្យា ក្រិត្យរបស់ខ្លួនដែលរក្សាជាយូរឆ្នាំ។

នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានប្រគល់ជាផ្លូវការនូវឯកសារ ចូលជាសមាជិករបស់ខ្លួនដល់ ក្រសួងការបរទេសអាមេរិកនៅក្នុងពិធីមួយនារដ្ឋធានីវ៉ាស្ហ៊ីនតោន កាលពីថ្ងៃ ព្រហស្បតិ៍ទី៧មីនា ដែលនាំឱ្យប្រទេសស៊ុយអែតបានក្លាយជា ប្រទេសនៃសមាជិកទី៣២របស់ អង្គការបក្ខសម្ព័ន្ធអត្លង់ទិកខាងជើង។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថាការបញ្ចូលនេះ គឺជាលទ្ធ ផលនៃកិច្ចប្រឹងប្រែងរយៈពេលជិត២ឆ្នាំ ក្រោមនយោបាយការទូត របស់អង្គការណាតូ។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា «រឿងល្អបានមកដល់ហើយចំពោះអ្នកដែលបានរង់ ចាំ»។ លោកបានថ្លែងស្វាគមន៍ដល់ប្រទេសស៊ុយអែត ដែលបានក្លាយជាសមាជិករបស់អង្គការ ណាតូនិងថាអង្គការបក្ខសម្ព័ន្ធណាតូ នាពេលនេះកាន់តែមានសភាពខ្លាំង និងពង្រីកកាន់តែធំ ដែលមិនធ្លាប់មានពីអតីតកាល។

សង្គ្រាមអ៊ុយក្រែនដែលចាប់ផ្តើមតាំងពីថ្ងៃទី២៤​ កុម្ភៈ ឆ្នាំ២០២២ បានធ្វើឱ្យប្រទេសដែលធ្លាប់ប្រកាន់និន្នាការអព្យាក្រិត្យ បានផ្លាស់ប្តូរជំហររបស់ខ្លួនស្វែងរកចន្ទល់ការពារខ្លួន។ ប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់បានប្រកាស នូវបំណងរបស់ខ្លួនក្នុងខែឧសភាឆ្នាំ២០២២ចង់ ចូលជាសមាជិករបស់អង្គការណាតូ។ ប្រទេសហ្វាំងឡង់ក្រោយមក បានក្លាយជាសមាជិក របស់អង្គការណាតូកាលពីខែមេសាឆ្នាំ២០២៣ និងប្រទេសស៊ុយអែតទើបនឹងក្លាយជាសមាជិកអង្គការណាតូយ៉ាងពេញលេញ ចាប់ពីថ្ងៃទី៧ មីនា ឆ្នាំ២០២៤នេះទេក្នុងពិធីជាផ្លូវការក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោនសហរដ្ឋអាមេរិកនោះ។

ស៊ុយអែតនិងហ្វាំងឡង់ជាប្រទេសដែលមានព្រំដែនរួមគ្នា និងព្រំដែននេះ ក៏មានប្រវែងចម្ងាយ១ពាន់៣៤០គីឡូម៉ែត្រ ជាប់ជាមួយនឹងព្រំដែនរុស្ស៊ីផងដែរ។ ប្រទេសស៊ុយអែត មានឆ្នេរសមុទ្ទរបស់ខ្លួន ប្រវែង៣ពាន់២១៨គីឡូម៉ែត្រនាភាគខាងកើតប្រ ទេស និង មានជួរដងភ្នំស្កង់ឌីណាវនាភាគខាងលិចប្រទេស ខណ្ឌព្រំដែនរវាងប្រទេសណ័រវ៉េ។ ស៊ុយអែត មានខ្សែបន្ទាត់ព្រំដែនទឹកជាមួយ ប្រទេសដាណាម៉ាក, អាល្លឺម៉ង់, ប៉ូឡូញ, រុស្ស៊ី, លីទុយអានី, ឡាតវីយ៉ានិងអេសតូនី។ បើទោះបីជាព្រំដែនគោករបស់ស៊ុយអែត មិនស្ថិតជាប់នឹង ប្រទេសរុស្ស៊ីក្តី ប៉ុន្តែការឃើញ សកម្មភាពឈ្លានពានរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែនដែលជាបនឹងព្រំដែនរុស្ស៊ីនោះ មិនអាចឱ្យប្រទេសស៊ុយអែតបន្តរក្សាអព្យាក្រិត្យភាព របស់ខ្លួនបានទៀតទេ។ កិច្ចប្រឹងប្រែងរយៈពេល២ឆ្នាំមកនេះ ទីបំផុតបានធ្វើឱ្យប្រទេសស៊ុយអែត បានក្លាយជាសមាជិកពេញលេញរបស់អង្គការណាតូហើយ ក្រោយរយៈពេល២០០ឆ្នាំ នៃប្រវត្តិសាស្ត្រមិនចូលបក្ខសម្ព័ន្ធកន្លងមកនេះ។

លោក Antony Blinken បានថ្លែងថា «នេះជាពេលវេលានៃប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេស ស៊ុយអែត…វាជាប្រវត្តិសាស្ត្រ សម្រាប់បក្ខសម្ព័ន្ធណាតូ…វាជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរបស់ប្រទេស នៃដែនឆ្លងកាត់សមុទ្ទអត្លង់ទិក…បក្ខសម្ព័ន្ធណាតូរបស់យើង…សម្ព័ន្ធភាពការពារជាតិរបស់យើង នាពេលនេះកាន់តែខ្លាំងក្លាឡើង, កាន់តែធំឡើងជាងពេលណាៗទាំងអស់»។ លោក Blinken បានថ្លែងថា "ប្រសិនបើអ្នកដើរថយក្រោយ ហើយគិតពីកន្លែងដែលយើងមាន កាលពីបីឆ្នាំមុន គឺគ្មានអ្វីដែលយើងគិតថាវា នឹងកើតឡើងនោះទេ ហើយតាមពិតទៅ ក៏គ្មានអ្វីណាមួយដែលយើងអាចមើលឃើញ បានជាមុនឡើយ" ។ លោក Blinken បន្តថា ប្រទេស ស៊ុយអែតជាប្រទេស មានគោលនយោបាយចាស់យូរអង្វែង រយៈពេល២០០ ឆ្នាំនៃការមិនចូលបក្សសម្ព័ន្ធ" តាំងពីអតីតកាលសម័យសង្គ្រាមណាប៉ូឡេអុង ដែលគេមិនអាចគិតថា នឹងមានរឿងរ៉ាវធ្វើឱ្យប្រទេសស៊ុយអែត ត្រូវធ្វើការផ្លាស់ប្តូរចិត្តយ៉ាងនេះឡើយ។ លោក Blinken បានថ្លែងកត់សម្គាល់ថា ប៉ុន្តែពេលនេះអ្វីៗបានប្រែប្រួលហើយ។

ប្រធានាធិបតីអាមេរិកលោកចូបៃដិន ក្នុងសេចក្តីថ្លែងការណ៍មួយបានសរសេរថា «ការបន្ថែម នូវប្រទេសស៊ុយអែត បានធ្វើឱ្យអង្គការណាតូកាន់តែកម្លាំងរួបរួម, មានការប្តេជ្ញាចិត្តកាន់តែ ខ្លាំងនិងមានភាពស្វាហាប់ជាងពេលណាៗទាំងអស់»។ លោកថ្លែងទៀតថាប្រទេសស៊ុយអែត និងហ្វាំងឡង់គឺជាប្រទេស ដែលមានសមត្ថភាពយោធាខ្ពស់ទាំង២ប្រទេស។ ប្រទេសស៊ុយអែត គឺ ជាប្រទេសដែលមាននាវាមុជទឹកទំនើប, មានកងកម្លាំងជើងទឹកធំធេង និងជាប្រទេសផលិតយន្តហោះចម្បាំង Gripen ឱ្យអង្គការណាតូ និងជាប្រទេសដែលមានទំនាក់ទំនងពិសេសសំខាន់ រវាងតំបន់បាល់ទិកនិងអត្លង់ទិក។

នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានសរសេរក្នុងបណ្តាញសង្គមរបស់លោក ថា «យើងជាប្រទេសដែលមានសុវត្ថិភាព ជាងពេលណាៗទាំងអស់ក្នុងពេលនេះ»។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានចាត់ទុកទិវាបញ្ចូល ប្រទេសស៊ុយ អែតថ្ងៃព្រហស្បតិ៍ទី៧មីនាជា«ទិវាប្រវត្តិសាស្ត្រ»។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak ក៏បានស្វាគមន៍ចំពោះ ការបញ្ចូលសមាជិកភាព របស់ប្រទេសស៊ុយអែតនេះដែរ ដោយលោកពណ៌នាថាវាជា "ពេលវេលាប្រវត្តិសាស្ត្រ" ។

លោក Sunak បាននិយាយថា សមាជិកភាពរបស់ស៊ុយអែត និងហ្វាំងឡង់ នឹងធ្វើឱ្យអង្គការណាតូកាន់តែរឹងមាំ ហើយតំបន់អឺរ៉ុប-អាត្លង់ទិកទាំងមូលនឹងកាន់តែមានសុវត្ថិភាព។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងដែរថា ការចូលជាសមាជិក របស់ស៊ុយអែត គឺជាជ័យជម្នះសម្រាប់មនុស្សគ្រប់គ្នា។ លោកហ្សេឡិនស្គី បានហៅប្រទេស ស៊ុយអែតថា "ជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងជាប្រទេសដែលអាចទុកចិត្តបាន"។ លោកហ្សេឡិន ស្គីបានថ្លែងរំពឹងថា គង់នឹងមានថ្ងៃមួយស៊ុយអែត នឹងអាចអបអរសាទរ ចំពោះអ៊ុយក្រែនវិញ ដែលនឹងក្លាយជាសមាជិកនៃអង្គការបក្ខសម្ព័ន្ធណាតូ។

អង្គការណាតូគ្រោង នឹងមានកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃខួបលើកទី៧៥ របស់ខ្លួននៅក្នុងខែ កក្កដាដែលត្រៀមនឹង រៀបចំធ្វើនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។ ការឃើញអង្គការណាតូ កាន់តែពង្រីកឥទ្ធិពល និងឃើញប្រទេសហ្វាំងឡង់និងស៊ុយអែតបាន ក្លាយជាសមាជិកថ្មីទី៣១និង៣២ របស់អង្គការណាតូនោះមក, លោកវ្លាឌីមៀរពូទីន បានប្រាប់ប្រជាជនរុស្ស៊ីថា ប្រទេសរុស្ស៊ីចាំបាច់ត្រូវពង្រឹងកិច្ចការពាររបស់ខ្លួន តាមបណ្តោយព្រំដែនជាមួយប្រទេសលោកខាងលិច។

ក្រុមអ្នកស្រាវជ្រាវរបស់ក្រុម Think Tank SIPRI Stockholm International Peace Research Institute របស់ប្រទេសស៊ុយអែត បានថ្លែងចាត់ទុកថា «ការចូលរួមជាមួយអង្គការណាតូ គឺ ដូចជាការទិញការធានារ៉ាប់រង Insurance ដែលយ៉ាងហោចក៏នឹងមានសហរដ្ឋអាមេរិកដែល ជាអ្នកផ្តល់កិច្ចការពារលើ ការទិញធានារ៉ាប់រងនេះ»

***តើគេគួរទុកចិត្តអង្គការNATO ដែរឬទេ?

ស្ថានភាពមិនច្បាស់លាស់ក្នុងនយោបាយផ្ទៃក្នុង របស់សហរដ្ឋអាមេរិកកន្លងមកនេះ បាននាំឱ្យមានសំណួរដ៏ស្រពិចស្រពិលមួយ ចោទថាសួរថា តើអង្គការណាតូដែលគិតថានឹងមាន សហរដ្ឋអាមេរិកជាចន្ទល់ដ៏រឹងមាំនោះ នឹងអាចរំពឹងលើសហរដ្ឋអាមេរិកបានដែរឬទេ? លោក ដូណាល់ ត្រាំ ដែលកំពុងមានប្រជាប្រីយ៍ភាព របស់គណបក្សសាធារណរដ្ឋបានថ្លែងកាល ពីខែកុម្ភៈកន្លងមកនេះ បង្ហាញភាពមិនពេញចិត្ត របស់លោកចំពោះអង្គការណាតូ ដែលតែងតែឱ្យសហរដ្ឋអាមេរិកជា ប្រទេសទទួលបន្ទុកធំ ជាងគេបង្អស់ក្នុងការចំណាយលុយញើសឈាម របស់ប្រជាពលរដ្ឋអាមេរិក សម្រាប់តែការពារប្រទេស៣០ ជាសមាជិកកន្លងមកនេះ។ លោក បានថ្លែងកាលពីខែកុម្ភៈថា «សហរដ្ឋអាមេរិកនឹងមិនផ្តល់ការការពារសម្ព័ន្ធមិត្តអង្គការណាតូណា ដែលមិនបានចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិនោះទេ»។

លោក ដូ ណាល់ត្រាំ ថែមទាំងបានបោះពាក្យសម្តីនិយាយទៀតថា លោកនឹង "លើកទឹកចិត្ត" ឱ្យរុស្ស៊ីឱ្យវាយប្រហារសមាជិកអង្គការ ណាតូណាដែលមិនបាន បំពេញតាមគោលដៅរបស់ សម្ព័ន្ធភាពដែលតម្រូវត្រូវចំណាយ ២ភាគរយ នៃទំហំGDP ប្រចាំឆ្នាំរបស់ខ្លួន លើកាតព្វកិច្ចយោធា។

យោងតាមធម្មនុញ្ញរបស់អង្គការណាតូ, ប្រទេសដែលចង់ចូលជាសមាជិករបស់អង្គការណាតូ ត្រូវបំពេញកាតព្វកិច្ច ចំណាយថវិកាយោធា២ភាគរយនៃទំហំ GDP នៃជាតិរបស់ខ្លួនរហូតដល់ ឆ្នាំ២០២៤ ប៉ុន្តែសេចក្តីរាយការណ៍ បានបង្ហាញថាក៏នៅមានប្រទេសខ្លះដែលមិនទាន់បាន បង្ហាញការចំណាយនូវទំហំចង់បាននេះ ដូចតាមកាលកំណត់ឡើយ។

បើយោងតាមតួលេខផ្ទាល់របស់អង្គការណាតូសម្រាប់ការចំណាយឆ្នាំ២០២៣, មានប្រទេសចំនួន១៩ ក្នុងចំណោម ប្រទេសសមាជិកទាំង៣០ របស់ខ្លួន កំពុងចំណាយក្រោមគោលដៅ ២ភាគរយ នៃ GDP ប្រចាំឆ្នាំលើវិស័យការពារជាតិ ក្នុងនោះមានប្រទេសអាល្លឺម៉ង់, ន័រវែស និង ប្រទេសបារាំងផងដែរ។ ប្រទេសបារាំង ដែលមានការចំណាយក្រោមគោលដៅ ២ភាគរយនៃ GDPប្រចាំឆ្នាំលើវិស័យការពារជាតិ ស្រាប់តែបានបោះពាក្យសម្តី ចង់បញ្ជួនកងកម្លាំងអង្គការណាតូ ទៅកាន់ប្រទេសអ៊ុយក្រែនថែមទៀត។

សម្តីរបស់មេដឹកនាំបារាំងលោកអេម៉ានូអែល ម៉ាក្រុង បានធ្វើឱ្យប្រទេសមួយចំនួនបានប្រញាប់បដិសេធ ខណៈប្រទេសខ្លះបានធ្វើការពិចារ ណា។ ប្រទេសអាល្លឺម៉ង់, ប៉ូឡូញ, អង់គ្លេស, អេស្ប៉ាញ, សហរដ្ឋអាមេរិក, ប្រទេសឆេក និង អគ្គលេខាធិការអង្គការណាតូជាដើម បានបង្ហាញការមិនយល់ស្របតាមសម្តីរបស់មេដឹកនាំ បារាំងឡើយ ខណៈដែលរុស្ស៊ីបានព្រមានសង្គ្រាមនុយក្លេអ៊ែ័រ កើតឡើងបើសិនជាមានការ បញ្ជួនកម្លាំងអង្គការណាតូ ទៅជួយប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែនមែននោះ។

លោកដូណាល់ត្រាំក្នុងពេលដែល លោកធ្វើជាប្រធានាធិបតីអាមេរិក កាលពីលើកមុននោះ លោកតែងនិយាយប្រាប់មន្ត្រីជំនួយការ របស់លោកក្នុងការចង់នាំសហរដ្ឋអាមេរិកដកខ្លួន ចេញពីអង្គការណាតូនោះថែមទៀត។ ភាពរីករាយរបស់អង្គការណាតូ ក្នុងការទទួលសមាជិកទី៣១និង៣២របស់ខ្លួន ជាបន្តបន្ទាប់មក នេះទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវតែសម្លឹងមើលទៅលើ ស្ថានការណ៍នយោបាយរបស់ សហរដ្ឋអាមេរិកក្នុងពេលនេះផងដែរ។

លោក Jens Stoltenberg កាលពីខែកុម្ភៈ នៅតែនិយាយ បង្ហាញភាពជឿជាក់របស់លោកថា សហរដ្ឋអាមេរិកមិនបោះបង់ចោល អង្គការណាតូនោះឡើយ។ លោក Jens Stoltenberg បានលើកឡើង នូវចំណុចបីធំៗសំខាន់ ទីមួយអង្គការណាតូកំពុង ស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់សហ រដ្ឋអាមេរិក…ទីពីរគឺគណបក្សនយោបាយ ធំទាំង២របស់សហរដ្ឋអាមេរិក គឺគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ នៅតែមានការគាំទ្រអង្គការណាតូដោយមិនឱ្យ សហរដ្ឋអាមេរិកបោះបង់ចោលឡើយ និងទី៣លោក ថាសម្តីរបស់លោកដូណាល់ត្រាំ មិនមែនជាសម្តីប្រឆាំងនឹងអង្គការណាតូទេ។ សម្តីនោះប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ ដែលមិនបានចំណាយប្រាក់គ្រប់គ្រាន់លើ NATO ពីព្រោះវាជាច្រើនឆ្នាំមកហើយ នៃចំណុចយកចិត្តទុកដាក់។

មេដឹកនាំអង្គការណាតូរូបនេះ បានថ្លែងថា ប៉ុន្តែអ្វីៗពិតជាបានផ្លាស់ប្តូរជាមួយនឹងការកើន ឡើងការចំណាយឡើងវិញលើ វិស័យការពារជាតិនៅប្រទេសកាណាដា និងអឺរ៉ុប។ លោក Jens Stoltenberg បានថ្លែងបញ្ជាក់ថាគឺសហរដ្ឋអាមេរិក នោះទៅវិញទេដែលមានផល ប្រយោជន៍ដោយមានអង្គការណាតូដ៏ខ្លាំងមួយនោះ ពីព្រោះលើសកលលោកនេះ គ្មានមហាអំ ណាចណាមួយដែលមានឥទ្ធិពល ដូចអង្គការណាតូនេះឡើយ។ លោក Jens Stoltenberg ថ្លែងថាបើប្រៀបធៀបនឹងទំហំ GDP របស់ពិភពលោក, ទំហំGDPរបស់សហរដ្ឋអាមេ រិកមាន ២៥%…បូករួមគ្នាជាមួយសម្ព័ន្ធមិត្តណាតូដែលមាន៥០% នៃកម្លាំងសេដ្ឋកិច្ច របស់ពិភពលោក និងបូក៥០% នៃកម្លាំងយោធា របស់ពិភពលោកជាបន្ថែមទៀតដែលគ្មានអ្វីអាចខ្លាំងលើស ពីអង្គការណាតូបានទៀតឡើយ។

លោក Jens Stoltenberg បាននិយាយចុងក្រោយថាគេ «ត្រូវចាំថា សហរដ្ឋអាមេរិកមិនដែល ធ្វើសង្រ្គាមតែម្នាក់ឯងទេ…សហរដ្ឋអាមេរិកតែងធ្វើរួមជាមួយគ្នា នឹងសម្ព័ន្ធមិត្តផ្សេងទៀត តាំងពី សង្រ្គាមកូរ៉េ រហូតដល់សង្គ្រាមអាហ្វហ្គានីស្ថាន»។ លោក Jens Stoltenberg បញ្ជាក់ថាដូច្នេះ វាស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់ សហរដ្ឋអាមេរិកទៅវិញទេ នៅក្នុងការរក្សាអង្គការណាតូជាសម្ព័ន្ធមិត្តដ៏ជោគជ័យបំផុតក្នុង ប្រវត្តិសាស្ត្រ ដូច្នេះហើយបានជា គេមានទំនុកចិត្តថាសហរដ្ឋអាមេរិក នឹងបោះបង់ចោលនូវ អង្គការណាតូនេះឡើយ៕

រូបភាពពី Reuters