(វ៉ាស៉ីនតោន)៖ លោក ដូណាល់ ត្រាំ បានបោះមួយជំហានទៅមុខថែមទៀតហើយ ក្នុងដំណើររបស់លោកដើម្បី រកការកាន់អំណាចសាជាថ្មី នៅសេតវិមាន។ ក្រុមអ្នករិះគន់បាននិយាយថា បើសិនជាលោក នឹងឡើងកាន់អំណាចសាជាថ្មីវិញតាម រយៈការឈ្នះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤មែននោះ, ភាពច្របូកច្របល់ និងការដឹកនាំមួយដែលនឹងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល កាន់តែមានសភាពខ្លាំង ជាងអាណ្ណត្តិទី១របស់លោកថែមទៀត។

តាមរយៈលទ្ធផលនៃការបោះឆ្នោត Super Tuesday កន្លងមកនេះ, លោកដូណាល់ត្រាំបេក្ខ ជននៃគណបក្សសាធារណរដ្ឋ ហាក់ដូចជាបានកក់កន្លែងទុករបស់លោក រួចទៅហើយដែល លោកនឹងក្លាយជាបេក្ខជនចុងក្រោយតែម្នាក់គត់ ត្រូវឈរប្រកួតប្រជែងជាមួយ នឹងលោកចូបៃ ដិននៃបេក្ខជនគណបក្សប្រជាធិបតេយ្យ។ លោកស្រី Nikki Haley នៃបេក្ខជនឈរប្រកួតប្រ ជែងរបស់គណបក្សសាធារណរដ្ឋ បានយល់ព្រមទទួលស្គាល់នូវការពិតដែលថារូបលោកស្រី នឹងមិនអាចឈ្នះលើលោក ដូណាល់ត្រាំ បានឡើយ។

លោកស្រីបានដកខ្លួនចេញពីការប្រកួត ប្រជែងហើយកាលពីថ្ងៃពុធទី៦មីនា បន្ទាប់ពីលទ្ធផលបោះឆ្នោត Super Tuesday ដែលបង្ហាញ នូវគម្លាតឆ្ងាយរវាងរូបនាងនិ ងលោកដូណាល់ត្រាំ ប៉ុន្តែលោកស្រី Nikki Haley ត្រូវគេរាយការណ៍ថា នៅតែប្រកែកមិនព្រមតែងតាំងឱ្យ លោក ដូណាល់ ត្រាំ ធ្វើជាបេក្ខជនតំណាង គណបក្សសាធារណរដ្ឋឡើយ បើទោះបីជា លទ្ធផលបោះឆ្នោតបានបង្ហាញថា រូបលោកស្រីមិនអាច ទៅមុខរួចលើលោកដូណាល់ត្រាំក៏ដោយ។ នៅជាមួយគ្នានេះផងដែរ មេដឹកនាំមតិ ភាគតិច នៃគណបក្សសាធារណរដ្ឋក្នុងស្ថាប័នព្រឹទ្ធសភាលោក Mitch McConnell បានយល់តែងតាំង ឱ្យលោកដូណាល់ត្រាំធ្វើជា បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋហើយ ក្រោយលទ្ធផលបោះឆ្នោត Super Tuesday នោះមក។

ក្នុងលទ្ធផលនៃការបោះឆ្នោត Super Tuesday នោះដែរ, លោកចូបៃដិន ក៏បានឈ្នះលើការ គាំទ្ររបស់គណបក្សប្រជាធិបតេយ្យ ក្នុងរដ្ឋទាំង១៥ផងដែរ។ បេក្ខជននៃតំណាងគណបក្ស នយោបាយទាំង២រូបគឺលោក ចូ បៃដិន អាយុ៨១ឆ្នាំ និងលោក ដូណាល់ ត្រាំ អាយុ៧៧ឆ្នាំ ត្រូវគេ រំពឹងថា នឹងត្រូវធ្វើការប្រកួតប្រជែងគ្នា បង្ហាញនូវសមត្ថភាព ដឹកនាំប្រទេសសម្រាប់អាណ្ណត្តិថ្មី ៤ឆ្នាំរវាងពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។

ជ័យជំនះនៃការបើកផ្លូវធ្វើដំណើររបស់លោកដូណាល់ ត្រាំ គឺជាការត្រួសត្រាយឧបសគ្គដ៏ខ្លាំង ក្លាបំផុតរបស់លោកដូណាល់ ត្រាំ ដែលបន្ទាប់ពីមានការធ្លាក់ចេញពី ការកាន់អំណាចសេតវិមាន កាលពីខែវិច្ឆិកា ឆ្នាំ២០២០ទៅហើយនោះ លោកបានប្រឈមនឹង ការចោទប្រកាន់តាមផ្លូវតុលា ការជាច្រើនពាក់ព័ន្ធនឹង បទចោទប្រកាន់ទោសព្រហ្មទណ្ឌ, ទោសពាក់ព័ន្ធនឹងរឿងរដ្ឋប្បវេណី ដែលគំរាមកំហែងដល់សេរីភាព និងទ្រព្យសម្បត្តិរបស់លោក ជាពិសេសរឿងដ៏ធំបំផុតមួយនៃ គេបានព្យាយាមរារាំងរូបលោកមិនឱ្យ មានសិទ្ធិបោះឆ្នោតសាឡើងវិញជាប្រធានាធិបតីអាមេរិកឡើយ ក្រោមការចោទប្រកាន់លើសកម្មភាពថ្ងៃទី៦ មករា ឆ្នាំ២០២១ គ្រាមានបាតុករគាំទ្រ រួបលោកចូលលុកលុយក្នុងវិមាន Capitol Hill ដែលគេចាត់ទុកថាជាអំពើបះបោរ។

ប៉ុន្តែនៅមុនថ្ងៃ បោះឆ្នោត Super Tuesday, សវនាការតុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចថា អតីតប្រធានាធិបតីលោក Donald Trump នឹងមិនត្រូវបានគេរារាំងក្នុងការឈរឈ្មោះនៅក្នុងរដ្ឋ Colorado ឬ រដ្ឋណាមួយផ្សេងទៀតបានទេ។ ភាពត្រួសត្រាយ ជួយសម្អាតឧបសគ្គដ៏ធំនោះ ហើយ ត្រូវគេនិយាយថាបានជួយជាខ្លាំងដល់ លោក ដូណាល់ ត្រានៅក្នុងការបោះឆ្នោត Super Tuesday។ ទីបំផុតបន្ទាប់ពីលទ្ធផលបោះឆ្នោត Super Tuesday, ផ្លូវនៃការធ្វើដំណើរទៅកាន់សេតវិមាន របស់លោកកាន់តែស្ថិតជិតក្នុងរបត់ នៃដំណាក់កាលសំខាន់ចុងក្រោយ ដែលនឹងមានការ ប្រកួតប្រជែងផ្តាច់ព្រ័ត្រតែ រវាងរូបលោកជាមួយនឹងលោកចូ បៃដិន។

លោកដូណាល់ត្រាំ ក្នុងអតីតកំណត់ត្រានៃប្រវត្តិគ្រប់គ្រងសេតវិមាន ត្រូវបានគេចោទប្រកាន់ ជុំវិញការអនុវត្តមិនបានល្អលើ ដំណើរការលទ្ធិប្រជាធិបតេយ្យឡើយ។ ប្រសិនណាបើលោក នឹងវិលត្រឡប់មកសេតវិមានវិញ របាំងការពារនយោបាយ ច្បាប់និងរដ្ឋធម្មនុញ្ញរបស់ប្រទេស នឹងប្រឈមការសាកល្បងសាជាថ្មីសាឡើងវិញ។

ម្យ៉ាងទៀត ការវិលត្រឡប់របស់លោកដូណាល់ត្រាំសាជាថ្មីទៅកាន់សេតវិមានវិញទៀតនោះ ក៏ជាការបញ្ជួនសារដ៏រន្ធត់មួយទៀត សម្រាប់ពិភពលោក ដែលធ្លាប់តែជឿជាក់លើ ទ្រឹស្តីសិទ្ធិ មនុស្សនិងលទ្ធិប្រជាធិបតេយ្យ ជាពិសេសភាពអស់សង្ឃឹមមួយ របស់ប្រទេសអ៊ុយក្រែនដែល សង្គ្រាមអូសបន្លាយរយៈពេលជាង២ឆ្នាំមកនេះ ក៏ដោយសារតែការជឿ លើនយោបាយឃោស នាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរបស់ប្រទេសលោកខាងលិច។ បើសិនជាគ្មានការជឿជាក់ លើការអូសទាញនៃទ្រឹស្តី ឥទ្ធិពលប្រជាធិបតេយ្យ, ការគោរពសិទ្ធិមនុស្សនោះទេ អ៊ុយក្រែនទំនងនឹងមិនហ៊ានងើបដោយខ្លួនឯង ក្នុងការហ៊ានតទល់ជាមួយនឹងរុស្ស៊ី នៃប្រទេសមហាអំ ណាចនុយក្លេអ៊ែ័រនោះឡើយ។

ក្នុងរយៈពេលធ្វើសង្គ្រាមឈានចូលឆ្នាំទី៣មកនេះ, អ៊ុយក្រែន ត្រូវគេឃើញបានរងខ្ទេចខ្ទាំយ៉ាងខ្លាំងក្លា ដោយសង្គ្រាមជាមួយមនុស្សស្លាប់ និងរបួសច្រើនសិប ម៉ឺននាក់, ហេដ្ឋារចនាសម្ព័ន្ធបានរងភាពខ្ទេចខ្ទី និងសង្គ្រាម នៅមិនទាន់រកច្រកចេញរួចបាន នៅឡើយទេដោយសារតែដង្ហើមដក របស់រដ្ឋាភិបាលក្រុងគៀវ បានពឹងផ្អែកទាំងស្រុងលើ ជំនួយក្រុមបស្ចឹមប្រទេសជាពិសេស សហរដ្ឋអាមេរិក។ ជំនួយ៦១ពាន់លានដែលរដ្ឋបាលលោក ចូបៃដិន បានស្នើរកការអនុម័តពីស្ថាប័នសភាតំណាងរាស្ត្រអាមេរិកនោះ ត្រូវបានខ្ទាស់ជាប់ ដោយសារតែភាពមិនចុះសម្រុងនយោបាយផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក នៃប្រទេសមហាបិតាលទ្ធិប្រជាធិបតេយ្យនេះ។

ខណៈដែលអ៊ុយក្រែនកំពុងរង់ចាំស្ថាប័នសភាតំណាងរាស្ត្រអាមេរិក ដើម្បីអនុម័តជំនួយសម្រាប់អ៊ុយក្រែននេះ, ដំណឹងនៃការបោះជំហាន មកកាន់អំណាចរបស់ លោក ដូណាល់ ត្រាំ ក្នុងសេតវិមាននោះ ត្រូវគេចាត់ទុកថា មិនមែនជាដំណឹងល្អសម្រាប់អ៊ុយក្រែនឡើយ។ លោកដូណាល់ត្រាំបានថ្លែង ថាបើលោកបានក្លាយជាប្រធានាធិបតីថ្មី លោកនឹងធ្វើឱ្យ សង្គ្រាមនៅអ៊ុយក្រែននោះ ចប់ទៅវិញក្នុងរយៈពេល ២៤ម៉ោង។ ការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែនដោយរបៀបណាមួយនោះ មិនមានការបញ្ជាក់ច្បាស់លាស់ទេ ប៉ុន្តែមានតម្រុយ ខ្លះដែលនិយាយថាអ៊ុយក្រែន ត្រូវតែហ៊ានបាត់បង់ទឹកដីរបស់ខ្លួនខ្លះនាភាគខាងកើតដើម្បីជា ថ្នូរនៃការបញ្ចប់សង្គ្រាម ដែលថ្នូរសន្តិភាព ជាមួយនឹងការបាត់បង់ទឹកដីនេះ ត្រូវបានប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ប្រឆាំងយ៉ាងដាច់អហង្កា។

**** លោកដូណាល់ត្រាំនិងនយោបាយឃោសនារកសន្លឹកឆ្នោតគាំទ្រ

ការឃោសនាស្វែងរកការគាំទ្រពីប្រជាពលរដ្ឋអាមេរិក ត្រូវគេឃើញថាមានការខុសប្លែកពី ភាពនៃប្រពៃណីរបស់ បេក្ខជនប្រធានាធិបតីមុនៗ។ លោក ដូណាល់ ត្រាំ ក្នុងនយោបាយ ឃោសនាក្នុងអាណ្ណត្តិដំបូងរវាងពីឆ្នាំ២០១៧ ដល់២០២១ ខ្លឹមសារនៃពាក្យស្លោកគឺ America First មានន័យថានយោបាយចម្បងមុនគេ គឺការគិតគូរដល់ពលរដ្ឋអាមេរិក។ លោកដូណាល់ ត្រាំជាមួយនឹងពាក្យស្លោកនោះ បានគូសបញ្ជាក់ពីការដកខ្លួនចេញ របស់សហរដ្ឋអាមេរិកពី សន្ធិសញ្ញាអន្តរជាតិនិងពីអង្គការនានា នូវអ្វីដែលអតីតរដ្ឋបាលអាមេរិក ធ្លាប់មាន ក្នុងកិច្ចការនយោបាយការបរទេសជាអន្តរជាតិ។ ក្រុមរិះគន់ដល់លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ និងហៅនយោបាយ America First របស់លោកដូណាល់ត្រាំ ថាជានយោបាយ America Alone មាន ន័យថាជានយោបាយឯកោតែម្នាក់ឯង។

ចំណែកការឃោសនយោបាយរបស់លោកដូណាល់ត្រាំក្នុងអាណ្ណត្តិទី២នេះ ក៏មិនមានការ ឃោសនាណាមួយដែលគេឃើញថា បានដាក់ទម្ងន់ទៅលើ ភាពសុទិដ្ឋិនិយម សម្រាប់អនាគត និងការប្រមែប្រមូលពលរដ្ឋអាមេរិក ឱ្យរួមរស់នៅជាមួយគ្នាផងនោះដែរ។ ការឃោសនានយោ បាយរបស់លោកដូណាល់ត្រាំនាពេលនេះ បែរជាពណ៌នាប្រទេសរបស់លោកថាជាប្រទេស ដែលរងភាពអាប់អួរ និងគ្មានការគោរពច្បាប់ទម្លាប់។

ដូចអ្វីដែលលោកបានឃោសនានៅក្នុង រដ្ឋ Virginia មួយថ្ងៃមុនពេលដែលមានការបោះឆ្នោត Super Tuesday ថ្ងៃទី៥មីនាឆ្នាំ២០២៤។ លោក ដូណាល់ ត្រាំ បានថ្លែងថា «យើងត្រូវហ៊ានប្រឈមមុខ។ ប្រទេសអាមេរិកនាពេលនេះ គឺ ជាប្រទេសដែលកខ្វក់មួយ។ យើងមានមនុស្សពី១៥ទៅ១៦លាននាក់ ដែលពួកគេបានចូលមករស់នៅ ក្នុងទឹកដីអាមេរិកនេះ។ ពួកគេទាំងនោះគឺជាមនុស្សមកពីពន្ធនាគារ, ពីកន្លែងឃុំ ឃាំង…ពួកគេមកពីទីកន្លែង អប់រំមនុស្សខូចខួរក្បាលហើយ ពួកគេបានមករស់នៅក្នុងប្រទេស របស់យើងក្រោមការទទួលឱ្យ សិទ្ធិជ្រកកោនដ៏ឆ្កួតលេលា…ពួកគេជាក្រុមភេរវជន…ពួកគេជាក្រុមជួញគ្រឿងញៀន…ប្រទេសរបស់យើងប្រាកដជាខុសពីមុន ដែលយើងត្រូវតែបញ្ឈប់ នូវអំពើទាំងនោះជាបន្ទាន់»។

ក្នុងសារជាពាក្យសម្តីដដែល, លោកដូណាល់ត្រាំបានហៅលោកចូបៃដិនជាមនុស្សពុតត្បុត វៀចវេរ, លោកបានចោទថាលោក ចូ បៃដិន មិនសក្តិសមនឹងនៅក្នុងសេតវិមាន ទៀតទេ…និង លោកនិយាយថាថា «សហរដ្ឋអាមេរិកនឹងមិនធ្លាក់ក្នុងអំពើកខ្វក់ទាំងនេះទេ បើសិនជាមិន មានលោក ចូ បៃដិន បានចូលមកគ្រប់គ្រង សេតវិមាននោះ»។ លោក ដូណាល់ ត្រាំ បានសន្យា បណ្តេញចេញសត្រូវ នៅខាងក្នុង, ប្តេជ្ញាសងសឹកដាក់លើសត្រូវនយោបាយ និងបានចាត់ទុកខ្លួនរបស់លោក គឺជាអ្នកខ្លាំងមួយរូបគ្រា ដែលបូកបញ្ចូល ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ជាមួយនឹងផលប្រយោជន៍ប្រទេសជាតិ។

លោកដូណាល់ត្រាំក្នុងប្រសាសន៍ថ្លែងក្នុងថ្ងៃអង្គារនៃទិវា Super Tuesday ក្នុងវិមាន Mar-a- Lago របស់លោកក្នុងរដ្ឋ Florida ថាសហរដ្ឋអាមេរិក «ជាប្រជាជាតិ ដែលបាត់បង់នូវទំនុកចិត្ត និងអំណាចឆន្ទៈនិងកម្លាំងរបស់ខ្លួនឯង»។ លោកដូណាល់ត្រាំបន្តថា សហរដ្ឋអាមេរិក «គឺជា ប្រទេសដែលវង្វេងផ្លូវរបស់ខ្លួន»…និងលោកថា «ឆ្នាំ២០២៤គឺជាសមរភូមិចុងក្រោយរបស់ យើង…យើងនឹងកម្ទេចនូវអ្វីដែលធ្វើឱ្យយើងបានផុងខ្លួនជ្រៅមកនេះ…យើងនឹងបណ្តេញអ្នក បង្ករឿងក្តៅក្រហាយចេញពីរដ្ឋាភិបាល, បណ្តេញពួកអ្នកសកលនិយម globalists, បណ្តេញ ពួកលទ្ធិម៉ាក្សនិយម, លទ្ធិកុម្មុយនីស្តនិយមនិងពួកហ្វាស៊ីសនិយម…យើងនឹងលុបចោលព័ត៌ មានផ្សព្វផ្សាយក្លែងក្លាយ, បំបាត់ចោលអំពើអសកម្មនានា ហើយយើងនឹងក្លាយជាប្រទេស ដែលត្រូវបានរំដោះសាជាថ្មីម្តងទៀត»៕

រូបភាព Reuters