(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញទូរទស្សន៍អន្តរជាតិចិន ហៅកាត់ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានសហការជាមួយ សកលវិទ្យាល័យប្រជាជនចិន ធ្វើការស្ទង់ប្រជាមតិចំពោះអ្នកផ្តល់បទសម្ភាសន៍ ចំនួន៣១៩៨០នាក់ ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ដែលក្នុងនោះបូករួមទាំង អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិក អាល្លឺម៉ង់ បារាំងនិងជប៉ុនជាដើម ហើយក៏បូករួមទាំងអ្នកផ្តល់បទសម្ភាសន៍ មកពីប្រទេសកំពុងអភិឌ្ឍន៍ដូចជាម៉ិកស៊ិក ថៃ និងនីហ្សេរីយ៉ាជាដើមផងដែរ។

ក្នុងការស្ទង់ប្រជាមតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,១ភាគរយ វាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលជាផ្លែផ្កាដែលគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ទទួលបានក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៥ភាគរយ សម្គាល់ឃើញថា ទស្សនៈស្តីពី “សហគមន៍រួមវាសនារបស់មនុស្សជាតិ” បានបំពេញបន្ថែមនូវកម្លាំងចលករ ជាបន្តបន្ទាប់ សម្រាប់ការកសាងអនាគតដ៏ល្អបវរ របស់មនុស្សជាតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៤,៥ភាគរយបានទទួលស្គាល់ ទស្សនៈជាស្នូលរបស់គំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,៦ភាគរយ សម្គាល់ឃើញថា សន្តិសុខជាបុរេល័ក្ខខ័ណ្ឌនៃការអភិវឌ្ឍ ប្រទេសនានាគួរតែចាប់ដៃគ្នាបង្កើត រចនាសម័្ពន្ធសន្តិសុខដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព។

ការស្ទង់ប្រជាមតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២ភាគរយសម្គាល់ឃើញថា ទំនាក់ទំនងរវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យនោះទេ ការអភិវឌ្ឍរបស់ភាគីណាមួយក៏មិនត្រូវឆក់យកសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវ របស់គូភាគីឡើយ។

ក្នុងការស្ទង់ប្រជាមតិ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោក ចំនួន៧៦,២ភាគរយសម្គាល់ឃើញថា គោលនយោបាយការទូតរបស់ចិន បានគាំពារយ៉ាងប្រាកដប្រជា នូវផលប្រយោជន៍ជាតិរបស់ប្រទេសចិន អ្នកផ្តល់បទសម្ភាសន៍ចំនួន ៦៥,៣ភាគរយ សម្គាល់ឃើញថា ប្រទេសចិនបានចូលរួមយ៉ាងសកម្មនូវអភិបាលកិច្ចសកល ដែលបានបំពេញបន្ថែមនូវភាពប្រាកដប្រជា និងស្ថិរភាពកាន់តែច្រើនដល់សហគមន៍អន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន