(ប៉េកាំង)៖ នៅថ្ងៃទី ៥ ខែមីនា របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ ២០២៤ ដែលរដ្ឋាភិបាលចិនបានដាក់ជូន មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដែលជាស្ថាប័នសិទ្ធិអំណាចកំពូលរបស់ប្រទេសចិន យកមកពិនិត្យពិភាក្សាបានទាក់ទាញក្រសែ ចក្ខុរបស់ពិភពលោកទាំងមូល។ វិនិយោគិនអន្តរជាតិជាច្រើនមានការយល់ដឹងកាន់តែច្បាស់ អំពីគោលដៅនិងផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន នៅឆ្នាំ ២០២៤។

បច្ចុប្បន្ននេះ កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ ហើយការប៉ាន់ប្រមាណចំពោះល្បឿនកំណើនជាសកល របស់គ្រឹះស្ថានអន្តរជាតិជាច្រើនសុទ្ធតែទាបជាង ៣ ភាគរយ។ ប្រទេសចិនបានកំណត់គោលដៅរំពឹងទុក នៃកំណើន GDP ក្នុងឆ្នាំនេះ គឺ ប្រហែល ៥ ភាគរយដែលស្មើនឹងគោលដៅកាលពីឆ្នាំមុន វាស្របតាមការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅ ហើយក៏បាននាំមក នូវសញ្ញាវិជ្ជមានដល់ពិភពលោកផងដែរ។

ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា ការកំណត់គោលដៅនេះនឹងមានអំណោយផលដល់ប្រទេសចិន ក្នុងការសម្រេចជាមូលដ្ឋាននូវទំនើបកម្មនៅឆ្នាំ ២០៣៥។ ឥស្សរជនអ្នកវិភាគបានលើកឡើងថា នៅឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលលឿនជាងល្បឿនកំណើនសេដ្ឋកិច្ច ២,៥ ភាគរយ របស់អាមេរិក ល្បឿនកំណើន ០,៥ ភាគរយ របស់តំបន់ប្រើប្រាក់អឺរ៉ូនិងល្បឿនកំណើន ១,៩ ភាគរយ របស់ជប៉ុន ។ ដោយគិតពិចារណាពីកត្តាមូលដ្ឋានខ្ពស់ ការកំណត់គោលដៅ នៃល្បឿនកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៤ វាកាន់តែមានភាពស្ទុះស្ទា និងការហ៊ានដើរឆ្ពោះទៅមុខថែមទៀត។

គោលដៅបានកំណត់ច្បាស់លាស់ តើត្រូវអនុវត្តតាមរបៀបយ៉ាងណា? រដ្ឋាភិបាលចិនបានរៀបចំចាត់ចែងការងារសំខាន់ចំនួន ១០ នៅឆ្នាំនេះ ក្នុងនោះបូករួមទាំងការជំរុញយ៉ាងខ្លាំងក្លា នូវកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើប អនុវត្តឱ្យបានស៊ីជម្រៅនូវយុទ្ធសាស្រ្ត ស្តីពីការធ្វើឱ្យប្រទេសជាតិមានភាពចំរុងចំរើន តាមរយៈវិទ្យាសាស្រ្តនិងការអប់រំ ផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក និងពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ជាដើម។ បើមើលពីផែនទីបង្ហាញផ្លូវទាំងនេះអាចឃើញថា អ្នកផងទាំងពួងមានការយល់ដឹងកាន់តែជាក់ស្តែងចំពោះ"ឱកាសចិន"។

ក្នុងនោះ "កម្លាំងផលិតកម្មគុណភាពថ្មី" គឺជាពាក្យពេញនិយម។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា វិស័យដែលមានសក្តានុពលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានេះ នឹងក្លាយជាកត្តាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចដែលមានន័យថា ប្រទេសចិននឹងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង ទៅលើរូបមន្តអភិវឌ្ឍន៍ "ប្រកបដោយភាពច្នៃប្រឌិតថ្មី"។

ព្រមពេលជាមួយគ្នានេះ របាយការណ៍នេះ បានគ្រោងផែនការជាក់លាក់ចំពោះ ឧស្សាហកម្មងើបឡើងថ្មី ឧស្សាហកម្មអនាគត ការឆ្នៃប្រឌិតថ្មីនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល។ អ្នកវិភាគបានលើកឡើងថា មុខរបរដូចជា ថាមពលថ្មី សេដ្ឋកិច្ចឌីជីថល ភាពវៃឆ្លាតសិប្បនិម្មិត ផលិតកម្មបច្ចេកវិទ្យាខ្ពស់និងសុខាភិបាលជាដើម គឺជាវិស័យសំខាន់ៗដែលទុនបរទេសមួយចំនួន កំពុងបង្កើនការវិនិយោគនៅប្រទេសចិននាពេលបច្ចុប្បន្ន។ នៅពេលអនាគត កាលានុវត្តភាពច្នៃប្រឌិតថ្មីដែលសហគ្រាសពហុជាតិ ក្តាប់ជាប់នៅប្រទេសចិននឹងកាន់តែច្រើនឡើងៗ។

ពីការបន្ធូរបន្ថយការអនុញ្ញាតឱ្យចូលទីផ្សារឧស្សាហកម្មសេវាកម្ម ដូចជា ទូរគមនាគមន៍និងសុខាភិបាលជាដើម ដល់ការពង្រីកការលើកទឹកចិត្តឱ្យ អ្នកវិនិយោគបរទេសបណ្តាក់ទុន រហូតដល់ការអនុវត្តឱ្យបានប្រាកដប្រជានូវប្រតិបត្តិការ ៨ ចំណុចដើម្បីគាំទ្រការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ វិធានការស្តីពីការពង្រីកការបើកទូលាយជាច្រើន ដែលបានកំណត់ក្នុងរបាយការណ៍នេះ បានបង្កើនជំនឿចិត្តរបស់សហគ្រាសពហុជាតិ។

ក្នុងបរិបទដែលសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចមួយចំនួន បាននិងកំពុងបង្កើត "របងការពារ" និង "កាត់ផ្ដាច់ទំនាក់ទំនង និងខ្សែសង្វាក់" នាពេលបច្ចុប្បន្ន ប្រទេសចិនបាននិងកំពុងពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ ចំពោះបរទេសជាបន្តបន្ទាប់ ដែលបានបំពេញបន្ថែម នូវស្ថិរភាពដ៏កម្រមានដល់ពិភពលោក ។ ពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិកនៅចិន បានចេញផ្សាយ《របាយការណ៍ស្ទាបស្ទង់បរិយាកាសធុរកិច្ចចិនឆ្នាំ ២០២៤》ដោយបង្ហាញថា ការប៉ាន់ប្រមាណរបស់សហគ្រាសអាមេរិក នៅប្រទេសចិនចំពោះអនាគតអភិវឌ្ឍន៍របស់ចិនក្នុងឆ្នាំ ២០២៣ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ហើយសហគ្រាសអាមេរិក ដែលចូលរួមផ្ដល់បទសម្ភាសន៍ចំនួន ៥០ ភាគរយចាត់ទុកប្រទេសចិនថាជាគោលដៅវិនិយោគដំបូងគេ ឬឈរនៅលំដាប់៣លេខខាងមុខលើទូទាំងពិភពលោក។

ចិនបាននិងកំពុងផ្តល់ឱកាសថ្មីដល់ពិភពលោក តាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួន នេះគឺជាពាក្យសន្យារបស់ចិន ហើយក៏ប្រាកដជា ការអនុវត្តជាក់ស្តែង របស់ប្រទេសចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន