(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា យោធាសហរដ្ឋអាមេរិក នឹងសង់​កំពង់ផែបណ្តោះអាសន្នមួយ នៅលើឆ្នេរតំបន់ហ្កាហ្សាជាប់សមុទ្រមេឌីទែរ៉ាណេ ដើម្បីទទួលយកជំនួយមនុស្សធម៌តាមផ្លូវទឹក។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤។

លោក បៃដិន បានប្រាប់សភាអាមេរិកថា រូបលោកកំពុងបញ្ជាឱ្យយោធាអាមេរិក ដឹកនាំបេសកកម្មបន្ទាន់មួយ សំដៅរៀបចំសាងសង់កំពង់ផែ​បណ្តោះអាសន្នមួយ នៅលើឆ្នេរតំបន់ហ្កាហ្សា ដើម្បីទទួលកប៉ាល់ដែលដឹកជំនួយមនុស្សធម៌ផ្សេងៗ ដូចជាស្បៀងអាហារ ទឹក ថ្នាំពេទ្យ និងតង់ស្នាក់នៅ។ លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា នឹងពុំមានការដាក់ពង្រាយកងទ័ពអាមេរិកផ្ទាល់ ក្នុងបេសកកម្មនេះឡើយ។ ទីក្រុងវ៉ាស៉ីនតោន នឹងធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុបក៏ដូចជាដៃគូក្នុងតំបន់ ដើម្បីបង្កើតក្រុមចម្រុះអន្តរជាតិ ដែលនឹងចូលរួមចំណែកជួយផ្តល់មធ្យោបាយ កម្លាំងមនុស្ស និងមូលធិនិ សម្រាប់សម្រេចគោលដៅនេះ។ បើតាមផែនការ ជំនួយមនុស្សធម៌នឹងត្រូវប្រមូលផ្តុំ នៅទីក្រុងកំពង់របស់ ប្រទេស​ដែនកោះស៉ីប (Cyprus) មុនដឹកតាមផ្លូវសមុទ្រឆ្ពោះទៅកាន់ហ្កាហ្សា។

គួរបញ្ជាក់ថា លោក ចូ បៃដិន កំពុងតែប្រឈមសម្ពាធនយោបាយកាន់តែខ្លាំងឡើង ជុំវិញការប្រកាន់ជំហរគាំទ្រយ៉ាងរឹងមាំ របស់លោក​សម្រាប់អ៉ីស្រាអែល បើទោះបីជាមានចំនួនមនុស្សស្លាប់ច្រើនខ្លាំង ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សាក៏ដោយ។ អង្គការសហប្រជាជាតិ (UN) បានព្រមានពីគ្រោះទុរ្ភិក្សក្នុងចំណោមជនជាតិប៉ាឡេស្ទីនជាង ២លាននាក់ នៅទីនោះ ក្រោយការប្រយុទ្ធគ្នា ដែលបានអូសបន្លាយពេល​ជិត៥ខែមកហើយ រវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស។

តំបន់ហ្កាហ្សាមួយផ្នែកធំ ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយប្រជាជនប៉ាឡេស្ទីន​ភាគច្រើន ត្រូវរត់ភៀសខ្លួនពីផ្ទះសម្បែង ដោយសារតែ ការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមជើងគោកយ៉ាងក្តៅគគុករបស់អ៉ីស្រាអែល ដែលផ្តើមចេញ​ពីហេតុការណ៍ឆ្មក់វាយប្រហារទ្រង់ទ្រាយធំ របស់ហាម៉ាស លើទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ អ៉ីស្រាអែល បានអះអាងថា ការវាយប្រហាររបស់ហាម៉ាស នាពេលនោះ បានសម្លាប់មនុស្សប្រមាណ១,២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់។ អាជ្ញាធរតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយ​ក្រុមហាម៉ាស បានអះអាងថា មនុស្សជិត៣១,០០០នាក់ហើយ បានស្លាប់ដោយសារសង្រ្គាមអ៉ីស្រាអែល នៅទីនោះ៕

រូបភាពពី Reuters