(ប៉េកាំង)៖ នៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលដែលថ្លែងដោយលោក លី ឈាង នាយករដ្ឋមន្ត្រីចិនក្នុងពិធីបើកមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៤ នាថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ បានលើកឡើងនូវចំណុចមួយថា ក្នុងឆ្នាំ ២០២៤ ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយ បង្កើនការស្រូបទាញវិនិយោគទុនបរទេស ដើម្បីចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ប្រទេសចិន។

ការលើកឡើងបែបនេះបានគូសបញ្ជាក់សាជាថ្មី ពីគោលជំហររបស់ប្រទេសចិន ក្នុងការបើកទូលាយចំពោះបរទេសនិងស្វាគមន៍ គ្រប់សហគ្រាសបរទេសឱ្យ បណ្តាក់ទុននៅប្រទេសចិន។ អ្វីដែលគេឃើញជាក់នឹងភ្នែកគឺថា បន្ទាប់ពីការដាក់ចេញគោលនយោបាយ កំណែទម្រង់និងបើកទូលាយកាលពី ៤៥ ឆ្នាំមុនមក ប្រទេសចិនបានពង្រីកការបើកទូលាយជាបន្តបន្ទាប់ ដើម្បីតភ្ជាប់ជាមួយពិភពលោក ដែលបានរួមចំណែកដ៏ធំធេងសម្រាប់ការអភិវឌ្ឍនៃពិភពលោក។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតមែនតែរងសម្ពាធពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មាន ក្នុងមួយសតវត្សរ៍កន្លងទៅ ក៏ដូចជាស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញក្តី ប៉ុន្តែសេដ្ឋកិច្ចជាតិចិនក្នុងឆ្នាំ ២០២៣ នៅតែដំណើរការប្រកប ដោយស្ថិរភាព និងមានកំណើនផលិតផលក្នុងស្រុកសរុប ៥,២% ដែលស្ថិតនៅជួរមុខក្នុងចំណោម អង្គភាពសេដ្ឋកិច្ចធំៗរបស់ពិភពលោក។ ទិន្នន័យមួយនេះជាការឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការលើកឡើងរបស់បស្ចិមប្រទេសមួយចំនួន ស្តីពីអ្វីដែលហៅថា «ទ្រឹស្តីប្រទេសចិនដួលរលំ» និងការឃោសនាបំផ្លើសថា «សហគ្រាសទុនបរទេសបាននាំគ្នាដកចេញពីប្រទេសចិន ដោយសារសេដ្ឋកិច្ចចិនយ៉ាប់យ៉ឺន»

តើប្រទេសចិនរឹតត្បិតចំពោះសហគ្រាសទុនបរទេស? បើតាមរបាយការណ៍ការងាររដ្ឋាភិបាលចិន នៅឆ្នាំ២០២៤ នេះ រដ្ឋាភិបាលចិន និងបន្តកាត់បន្ថយបញ្ជីអវិជ្ជមាន និងលុបចោលទាំងស្រុងនូវវិធានការដាក់កំហិត ចំពោះវិស័យកម្មន្តសាលដែលវិនិយោគ ដោយសហគ្រាសបរទេស ក៏ដូចជាបើកទូលាយថែមទៀត នូវទីផ្សារសេវាកម្មដូចជា វិស័យទូរគមនាគមន៍ និងសុខាភិបាលជាដើម។ ក្រៅពីនេះ រដ្ឋាភិបាលចិននឹងផ្តល់ភាពអនុគ្រោះ ចំពោះសហគ្រាសទុនបរទេសឱ្យដូចជាសហគ្រាសចិន និងធានាពីសមភាព នៃការចូលរួម សកម្មភាពលទ្ធកម្មរបស់រដ្ឋាភិបាល និងការដេញថ្លៃគម្រោងជាដើម ពិសេសនឹងបង្កើនការផ្តល់សេវាធានា ចំពោះសហគ្រាសទុនបរទេស ដើម្បីបង្កើតជាផលិតផល «វិនិយោគទុននៅប្រទេសចិន»

ទាំងនេះសបង្ហាញថា ប្រទេសចិនមិនត្រឹមតែមិនបានដាក់កំហិត ចំពោះសហគ្រាសបរទេសដែលវិនិយោគ នៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកែសម្រួល គោលនយោបាយ និងច្បាប់វិនិយោគជាបន្តបន្ទាប់ដើម្បីផ្តល់ភាពងាយស្រួល និងភាពកក់ក្តៅសម្រាប់ សហគ្រាសបរទេស ។ ទីផ្សារដ៏មានសក្តានុពលរបស់ចិន បានក្លាយជាវេទិកាអភិវឌ្ឍន៍របស់ សហគ្រាសបរទេសធំៗ លំដាប់អន្តរជាតិ និងសហគ្រាសគ្រប់ធុន ដោយសហគ្រាសទាំងនេះអាចប្រកបអាជីវកម្មដោយសេរី និងស្មើភាពនៅប្រទេសចិនដែលបានទទួល ផលចំណេញរៀងៗខ្លួន ។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺថាក្នុងរបាយការណ៍ការងាររដ្ឋាភិបាល ដែលដាក់ជូនមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ឆ្នាំនេះចែងថា ប្រទេសចិន នឹងផ្តោតលើការអភិវឌ្ឍ «កម្លាំងផលិតកម្មគុណភាពថ្មី» ពោលគឺយកការច្នៃប្រឌិតថ្មីមកជំរុញកម្លាំងផលិតកម្ម ប្រកបដោយគុណភាព ដែលមានលក្ខណៈខុសគ្នា ពីកម្លាំងផលិតកម្មប្រពៃណី។ «កម្លាំងផលិតកម្មគុណភាពថ្មី» ជាកម្លាំងផលិតកម្មទំនើប ដែលប្រកបដោយលក្ខណៈបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងគុណភាពខ្ពស់ ដែលនឹងនាំមកនូវការបដិវត្តថ្មីលើ វិស័យផលិតកម្មរបស់ប្រទេសចិន ហើយក៏នឹងមានឥទ្ធិពលចំពោះ វិស័យផលិតកម្មនៃពិភពលោកផងដែរ។

ការកែទម្រង់វិស័យផលិតកម្មនឹងបន្ថែមកម្លាំងចលករថ្មីដល់សហគ្រាសផលិតកម្មរបស់ប្រទេសចិន និងជាកម្លាំងស្រូបទាញចំពោះ សហគ្រាសបរទេស ដែលមានជំនាញផ្នែកផលិតកម្មទំនើប ឱ្យចូលរួមជាមួយសហគ្រាសចិន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារចិននិងអន្តរជាតិ ដែលជាការរួមចំណែកដល់ការធ្វើបរិវត្តកម្មវិស័យផលិតកម្ម ដែលជាទិសដៅអភិវឌ្ឍន៍នាពេលអនាគត។

«ទ្វារបើកទូលាយរបស់ប្រទេសចិននឹងមិនបិទជារៀងរហូត ហើយកាន់តែបើកកាន់តែធំ» , «ប្រទេសចិនរីករាយក្នុងការចែករំលែក កាលានុវត្តភាពនៃការអភិវឌ្ឍរបស់ខ្លួន ជាមួយពិភពលោកទាំងមូល» ទាំងនេះជាការប្រកាសដ៏ឱឡារិករបស់ថ្នាក់ដឹកនាំចិន ដែលបង្ហាញពីគោលជំហរនិងឆន្ទៈ ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយបណ្តាប្រទេសនានា ដើម្បីទទួលបានផលប្រយោជន៍រួម ការអភិវឌ្ឍរួមនិងវិបុលភាពរួមនៅទីបំផុត៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន