(អង់ការ៉ា)៖ អឌ្ឍចន្ទក្រហមតួកគី កំពុងបញ្ជូនជំនួយដ៏ធំមួយទៅកាន់តំបន់ហ្គាហ្សា ចូលតាមប្រទេសអេហ្ស៉ីប ដោយកប៉ាល់មានដឹកស្បៀងអាហារ ឱសថ និងបរិក្ខារ ផ្សេងទៀតប្រមាណ ៣,០០០តោនបានឆ្ពោះទៅកាន់កំពង់ផែ Al-Arish របស់អេហ្ស៉ីបហើយកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ ២០២៤។

ឯកអគ្គរដ្ឋទូតួកគីប្រចាំទីក្រុងគែរ លោក Salih Mutlu Sen បានឱ្យដឹងតាមបណ្តាញសង្គម X យ៉ាងដូច្នេះថា «ជំនួយដែលបញ្ជូនទៅតំបន់ហ្គាហ្សា ដោយមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីអឌ្ឍចន្ទក្រហមអេហ្ស៉ីប នាពេលនេះ នឹងរក្សាក្តីសង្ឃឹមរបស់ប្រជាជនប៉ាឡេស្ទីន នៅមុនថ្ងៃបុណ្យរ៉ាម៉ាឌនចូលមកដល់»។

ប្រធានអឌ្ឍចន្ទក្រហមប្រចាំតំបន់ Kizilay របស់តួកគី លោកស្រី Fatma Meric Yilmaz បានប្រាប់សាខាទូរទស្សន៍ CNN នៅតួកគីថា កប៉ាល់នេះនឹងធ្វើដំណើរពីរលើកទៅអេហ្ស៉ីប ដើម្បីចែកចាយជំនួយដែលភាគច្រើនប្រមូលបានតាមរយៈការបរិច្ចាគ។ បន្ទាប់មកនឹងត្រូវដឹកជញ្ជូនតាមរថយន្តប្រហែល ២០០គ្រឿងចូលទៅទីក្រុង Rafah នៅក្នុងតំបន់ហ្គាហ្សា។ ជំនួយរួមមាន ម្សៅសម្រាប់ធ្វើនំ ផលិតផលអនាម័យ អាហារកញ្ចប់ សម្ភារសង្រ្គោះបឋម និងសម្រាប់ផ្ទះបាយ។

គួរបញ្ជាក់ថា ខុសពីសម្ព័ន្ធមិត្តលោកខាងលិចដ៏ទៃទៀត តួកគីដែលជាសមាជិករបស់អង្គការណាតូផងនោះ មិនបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៉ីសា្រអែលកាលពីថ្ងៃទី៧ តុលាទេ។ តួកគី បានរិះគន់សង្រ្គាមរបស់អ៉ីស្រាអែលនៅតំបន់ហ្គាហ្សា ហើយក៏បានគាំទ្រដើម្បីឱ្យមានការកាត់ទោស ជុំវិញអំពើប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ៕