(អូតាវ៉ា)៖ ប៉ូលិស បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មានករណីមនុស្សចំនួន ៦នាក់មកពីស្រីលង្កា រងការវាយប្រហារដោយកាំបិទរហូតដល់ស្លាប់ នៅក្នុងរដ្ឋធានីអូតាវ៉ា របស់កាណាដា ធ្វើឱ្យកក្រើកប្រទេសដែលករណីឃាតកម្មកម្រកើតមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ ២០២៤។

យុវជនជានិស្សិតអាយុ ១៩ឆ្នាំម្នាក់ឈ្មោះ Febrio De-Zoysa មកពីស្រីលង្កាត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតលើមនុស្សមួយគ្រួសារចំនួន ៦នាក់ និងប៉ុនប៉ងមនុស្សឃាតមួយករណីទៀត។ ជនសង្ស័យជាមនុស្សស្គាល់គ្នានឹងជនរងគ្រោះ ហើយរស់នៅផ្ទះជាមួយគ្នា។ ជនសង្ស័យបានសម្លាប់ស្រី្តជាម្តាយអាយុ ៣៥ឆ្នាំម្នាក់ និងកូនតូចៗរបស់នាង ឯបុរសជាប្តីអាយុ ៤០ឆ្នាំរងរបួសធ្ងន់។

លោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau និយាយថាលោកមានការតក់ស្លុតជាខ្លាំងចំពោះ «សោកនាដកម្មដ៏គួរឱ្យភ័យខ្លាចនេះ»។ មេប៉ូលិសក្រុងអូតាវ៉ា លោក Eric Stubbs បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា «នេះគឺជាអំពើហិង្សា ប្រព្រឹត្តលើមនុស្សស្លូតត្រង់សុទ្ធសាធ»

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីថ្ងៃពុធកន្លងទៅ ដោយសាកសពត្រូវបានគេរកឃើញក្នុងផ្ទះមួយ នៅឯសង្កាត់ភាគនិរតី ជាយក្រុងអូតាវ៉ា។ ករណីសម្លាប់រង្គាលនៅក្នុងប្រទេសកាណាដា គឺកម្រនឹងកើតមានណាស់។ កាលពីខែធ្នូ ឆ្នាំ ២០២២ បុរសម្នាក់បានបាញ់សម្លាប់មនុស្ស ៥នាក់ ក្នុងទីក្រុងតូរ៉ុនតូ មុនពេលត្រូវបានប៉ូលិសបាញ់សម្លាប់។ នៅក្នុងឆ្នាំដដែលនោះដែរ បុរសម្នាក់បានចាក់សម្លាប់មនុស្សចំនួន ១១នាក់នៅឯខេត្តភាគខាងលិច Saskatchewan ក្រោយមកក៏បានស្លាប់ដោយសារតែប្រើថ្នាំហួសកម្រិត មុនពេលត្រូវចាប់ខ្លួន៕