(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម បាននិយាយថាការប៉ុនប៉ងទាំងឡាយដើម្បីគ្រប់គ្រងការរះឡើងរបស់ចិន គឺមានតែធ្វើឱ្យចិនក្ដៅក្រហាយ និងមានអារម្មណ៍ថាខ្លួនឯងរងភាពអយុត្តិធម៌ ព្រមទាំងបង្កឱ្យមានការខ្វែងគំនិតគ្នានៅក្នុងតំបន់តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក អាន់វ៉ា អ៉ីប្រាហ៊ីម ធ្វើការកត់សម្គាល់បែបនេះក្នុងសុន្ទរកថាសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) ក្នុងទីក្រុងកង់បេរ៉ា កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា។ តាមលោក អាន់វ៉ា បណ្ដាប្រទេសទាំងឡាយក៏គួរតែស្វែងយល់ពីអារម្មណ៍របស់ចិន និងទទួលស្គាល់ពីរបៀបដែលថ្នាក់ដឹកនាំចិនមើលឃើញថាការកើនឡើងឥទ្ធិពលយោធា និងការទូតនៃប្រទេសរបស់ពួកគេ គឺជាកត្តាធម្មជាតិដែលតែងតែកើតឡើងនៅពេលប្រទេសមួយមានអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យារីកចម្រើន។ លោក អាន់វ៉ា បានគូសបញ្ជាក់ ដូច្នេះថា «នៅក្នុងកែវភ្នែករបស់ពួកគេ រាល់សកម្មភាពគ្រប់គ្រងការរះឡើងរបស់ចិនទាំងយោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យា...គឺមានតែធ្វើឱ្យពួកគេខឹងសម្បារ ឬយល់ថាខ្លួនឯង រងភាពអយុត្តិធម៌ប៉ុណ្ណោះ»

គួរបញ្ជាក់ថា បើតាមលោក អាន់វ៉ា អ៉ីប្រាហ៊ីម ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-​អូស្ត្រាលីបិទបញ្ចប់ទៅកាលពីថ្ងៃពុធកន្លងទៅនេះ ម៉ាឡេស៊ី និងអូស្ត្រាលី មានភារកិច្ច ជំរុញឱ្យចិន និងសហរដ្ឋអាមេរិក រួមទាំងមហាអំណាចដទៃក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដើម្បីធ្វើសមារណកម្មសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ៕

រូបភាពពី​ Reuters