(ប្រ៊ុចសែល)៖ សមាជិកសភាសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអនុម័តការផ្តល់សិទ្ធិឱ្យកសិកអ៊ុយក្រែន សម្រាប់ការនាំចេញដោយមិនគិតពន្ធគយ ចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុបសម្រាប់រយៈពេលមួយឆ្នាំទៀត ដោយច្រានចោលការធ្វើវិសោធនកម្ម ដែលនឹងបង្កើនវិធានការរឹតបន្តឹង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

គណៈកម្មការអឺរ៉ុបបានស្នើថា ការព្យួរពន្ធគយ និងកូតាលើផលិតផលកសិកម្មអ៊ុយក្រែន គួរតែត្រូវបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៥។ សំណើរនេះត្រូវបានអនុម័ត ដោយមានសំឡេងគាំទ្រ ២៦ សំឡេង ១០ សំឡេងប្រឆាំង និង ១សំឡេងអនុប្បវាទ។

ទោះជាយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងការតវ៉ារបស់កសិករសហភាពអឺរ៉ុប សំណើនេះក៏ណែនាំអំពី វិធានការ «ហ្វ្រាំងបន្ទាន់» លើការនាំចូល បសុសត្វ ស៊ុត និងស្ករ ដែលមានន័យថា ពន្ធគយនឹងត្រូវបានអនុវត្តឡើងវិញ ក្នុងករណីការនាំចូលផលិតផលទាំងនេះរបស់អ៊ុយក្រែន លើសពីកម្រិតមធ្យម កាលពីឆ្នាំ ២០២២ និងឆ្នាំ ២០២៣។

គួរជម្រាបថា ពន្ធនាំចូល និងកំណត់កូតាលើផលិតផលកសិកម្មរបស់អ៊ុយក្រែន ត្រូវបានដកចេញនៅឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ដែលបានរំខានដល់ការដឹកជញ្ជូនសមុទ្រខ្មៅ។

ការបោះឆ្នោតអនុម័តនៅថ្ងៃព្រហស្បតិ៍នេះ បានជម្រះឧបសគ្គដ៏មានប្រសិទ្ធភាពចុងក្រោយ។ សភាពេញអង្គអឺរ៉ុបត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីការយល់ព្រមរបស់ខ្លួនលើការពន្យារពេលនេះ នៅសប្តាហ៍ក្រោយ មុនពេលមានការអនុម័តចុងក្រោយពីរដ្ឋាភិបាលសហភាពអឺរ៉ុប ដែលភាគច្រើនបានគាំទ្រការសម្រេចចិត្តនេះរួចជាស្រេច៕