(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៉ីបាននិងកំពុងពង្រឹងកម្លាំងយោធា នៅឯភាគខាងជើង និងភាគខាលិចនៃប្រទេស ដើម្បីទប់ទល់នូវអ្វីដែលមូស្គូយល់ថាជា ការកសាងកម្លាំងរបស់អង្គការណាតូ (NATO) នៅក្បែររុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ ២០២៤។

ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ ២០២២ ហ្វាំងឡង់បានក្លាយជាសមាជិកថ្មីរបស់ណាតូ ខណៈដែលស៊ុយអែត ក៏កំពុងធ្វើដូច្នោះដែរ។ ក្នុងសប្តាហ៍នេះ ណាតូបានរៀបធ្វើចំសមយុទ្ធយោធាមួយដែលគេឱ្យឈ្មោះថា Nordic Response 2024 ដោយនិយាយនឹងមានការចូលរួមពីទាហានច្រើនជាង ២០,០០០នាក់មកពីន័រវេស ហ្វាំងឡង់ និងស៊ុយអែត ហើយផ្តោតលើការការពារ ជាសមូហភាព។

ដោយមិនបញ្ជាក់លម្អិត លោក Shoigu បានប្រាប់ក្រុមឧត្តមសេនីយ៍ជាន់ខ្ពស់ យ៉ាងដូច្នេះថា «ដើម្បីប្រឆាំងនឹងការរៀបចំផ្នែកយោធា ដ៏មានសក្តានុពលរបស់ណាតូ នៅជិតព្រំដែនរុស្ស៉ី ការពង្រីកសម្ព័ន្ធភាពបន្ថែមដោយវត្តមានរបប់ហ្វាំងឡង់ ហើយនៅពេលអនាគត ក៏មានស៊ុយអែតទៀតនោះ យើងបានចាត់វិធានការ ដើម្បីពង្រឹងក្រុមទាហាននៅឯភាគខាងជើង និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ នៅភាគខាងលិច»

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានក្លាយជាវិបត្តិចាក់ឬសយ៉ាងជ្រៅ ក្នុងទំនាក់ទំនងរវាងលោកខាងលិច និងរុស្ស៉ី គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ ១៩៦២ ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្លាប់ព្រមានលោកខាងលិចថា ខ្លួនអាចប្រថុយនឹងការបង្កសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើកងទ័ពលោកខាងលិចត្រូវបានបញ្ជូនមកប្រយុទ្ធនៅអ៊ុយក្រែន៕

រូបភាពពី Reuters