(ប៉េកាំង)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងពេលដែលបើកធ្វើមហាសន្និបាត នៃសភាទាំងពីររបស់ប្រទេសចិន និងប្រកាសអំពីទិសដៅកំណើននៃតម្លៃផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់ផ្សេងៗសម្រាប់ឆ្នាំ ២០២៤ មានការពិភាក្សាកាន់តែច្រើនឡើងៗ អំពីទស្សនវិស័យសេដ្ឋកិច្ច របស់ប្រទេសចិននៅក្នុងឆ្នាំ ២០២៤ នេះ។ មតិដែលបំភាន់ភ្នែកគេ ដូចជា "សេដ្ឋកិច្ចចិនបានឡើងដល់កម្រិតកំពូល" ត្រូវបានលាយឡំក្នុងការពិភាក្សា។ បើចង់ឆ្លើយសំណួរអំពីសេដ្ឋកិច្ចរបស់ប្រទេសចិន នោះក៏ត្រូវឈ្វេងយល់ឱ្យបានត្រឹមត្រូវ នូវការអភិវឌ្ឍរបស់ប្រទេសចិនដែរ។

បន្ទាប់ពីប្រទេសចិនក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក សមាមាត្រនៃ GDP របស់ប្រទេសចិនទៅនឹង GDP របស់សហរដ្ឋអាមេរិកតែងតែជាចំណុចសំខាន់នៃការពិភាក្សា។ នៅឆ្នាំ ២០២៣ តួលេខនេះមានការធ្លាក់ចុះបន្តិច។ ដោយបានមើលឃើញ​ការផ្លាស់ប្តូរបែបនេះ រួមជាមួយនឹងការបិទខ្ទប់និងការគាបសង្កត់ របស់សហរដ្ឋអាមេរិកទៅលើវិស័យបច្ចេកវិទ្យាខ្ពស់ របស់ប្រទេសចិន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សជាច្រើនមានអារម្មណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិនក៏នឹងធ្លាក់ចុះផងដែរ។ ជាការពិត ការគណនាសម្រាប់ GDP សរុបក៏ទាក់ទងនឹងតម្លៃទំនិញ អត្រាប្តូរប្រាក់និងកត្តាផ្សេងទៀតផងដែរ។ នៅពេលពិភាក្សាអំពី អង្គភាពសេដ្ឋកិច្ចផ្សេងទៀត ពួកគេបានពិចារណាពីកត្តាផ្សេងទៀតដោយសិត្យានុម័ត ប៉ុន្តែនៅពេលពិភាក្សាអំពីប្រទេសចិន ពួកគេក៏សម្គាល់ថា សេដ្ឋកិច្ចចិនហៀបនឹងដួលរលំ និង "ឡើងដល់កម្រិតកំពូល"។

ប្រទេសចិនត្រូវបានគេយកទៅប្រៀបធៀបនឹង ចំនួនប្រជាជនរបស់ប្រទេសឥណ្ឌា ប្រៀបធៀបទិន្នផលសរុបជាមួយនឹងសហរដ្ឋអាមេរិក និងប្រៀបធៀបអត្រាកំណើនជាមួយនឹងប្រទេសវៀតណាម។ ការសន្និដ្ឋាននៃការប្រៀបធៀបនីមួយៗគឺថាសេដ្ឋកិច្ចរបស់ប្រទេសចិននឹង "ឈានដល់កម្រិតកំពូល" ហើយ។ តើគោលបំណងនៃការនិយាយបំប៉ោងថា “សេដ្ឋកិច្ចរបស់ប្រទេសចិនបានឡើងដល់កម្រិតកំពូល” គឺត្រឹមតែដើម្បីបង្អាប់សេដ្ឋកិច្ចចិនឬ?

វិទ្យាស្ថាន Lowy នៅសហរដ្ឋអាមេរិកដែលគាំទ្រមតិដែលថា “សេដ្ឋកិច្ចរបស់ប្រទេសចិនបានឡើងដល់កម្រិតកំពូល”ធ្លាប់បានចេញរបាយការណ៍មួយ ដោយព្យាករណ៍ថានៅឆ្នាំ ២០៥០ អត្រាកំណើន GDP ដ៏ពិតប្រាកដគិតជាមធ្យមក្នុងមួយឆ្នាំៗ របស់ប្រទេសចិននឹងធ្លាក់ចុះមកនៅត្រឹម ២%-៣% ។ របាយការណ៍នេះបានលើកឡើងថា ជាការពិតណាស់ វាមិនបានច្រានចោលលទ្ធភាពដែលថា នឹងកើនឡើងដល់៥%នោះទេ។ ចំណែកឯលក្ខខណ្ឌសម្រាប់ "លទ្ធភាព" នេះគឺថាតើប្រទេសចិននឹងអនុវត្តប្រព័ន្ធសេដ្ឋកិច្ចដូច"លោកខាងលិច" ឬអត់។

ជាក់ស្តែង គោលបំណងចុងក្រោយ នៃមតិដែលថា "សេដ្ឋកិច្ចរបស់ប្រទេសចិនបានឡើងដល់កម្រិតកំពូល" គឺដើម្បីផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ច របស់ប្រទេសចិនតាមរយៈការប្រៀបធៀបពីគុណសម្បត្តិ និងគុណវិបត្តិនៃប្រព័ន្ធសេដ្ឋកិច្ច។ ទំនុកចិត្តរបស់យើងលើសេដ្ឋកិច្ច របស់ប្រទេសចិន មិនមែនមកពីការប្រៀបធៀបជាមួយអ្នកដទៃទេ ហើយក៏មិនស្ថិតនៅលើថាឡូស៊ីកដូចគេឬក៏អត់ដែរ វាគឺមកពីវិធីដោះស្រាយ បញ្ហាផ្ទាល់ខ្លួនរបស់យើង។ វិធីដែលស័ក្តិសមនឹងស្ថានភាពពិតរបស់ខ្លួន ហើយអាចដោះស្រាយ បញ្ហារបស់ខ្លួនបាន គឺជាវិធីដែលយើងគួរតែប្រកាន់ខ្ជាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន