(ប៉េកាំង)៖ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាល ជូនចំពោះអង្គមហាសន្និបាត។ "កម្លាំងផលិតកម្មគុណភាពថ្មី" បានក្លាយជាពាក្យគន្លឹះ របស់មហាសន្និបាតនៃសភាទាំងពីរ ដែលប្រព័ន្ធសារព័ត៌មានបរទេស បានប្រើប្រាស់យ៉ាងទូលំទូលាយ។

វេបសាយនៃទស្សនាវដ្តី «Mordern Diplomacy» របស់អឺរ៉ុប បានចុះផ្សាយអត្ថបទថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ ២០២៤ នឹងផ្តោតសំខាន់លើ "កម្លាំងផលិតកម្មគុណភាពថ្មី" ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping កាលពីខែកញ្ញា ឆ្នាំ ២០២៣ ។ នេះគឺជាគុណភាពនៃផលិតកម្មជឿនលឿនម្យ៉ាង ដែលជំរុញដោយការច្នៃប្រឌិតថ្មី ហើយក៏ជាមូលដ្ឋានសម្រាប់ជំរុញ ការសម្រេចបាននូវការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាខ្ពស់ ដោយឯករាជ្យម្ចាស់ការផងដែរ។

តាមការផ្សាយដំណឹងនៃវេបសាយ «Pakistan Today» បានឱ្យដឹងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ ២០២៤ នឹងបង្ហាញទៅកាន់ពិភពលោកពី ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសមិទ្ធផលនៃការអភិវឌ្ឍបៃតងរបស់ចិន ក៏ដូចជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចបែបថ្មី និងការអភិវឌ្ឍនិងវឌ្ឍនភាពរបស់សង្គមចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន