(វ៉ាសូវី)៖ ក្រសួងហេដ្ឋារចនាសម្ព័ន្ធប៉ូឡូញ បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា គណៈកម្មាការអឺរ៉ុបយល់ព្រមធ្វើការ ដើម្បីផ្លាស់ប្តូរកិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុបជាមួយអ៊ុយក្រែន ជុំវិញការដឹកជញ្ជូនទំនិញតាមផ្លូវគោក ដែលទាមទារដោយក្រុមអ្នកដឹកទំនិញប៉ូឡូញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ ២០២៤។

ការពិនិត្យឡើងវិញ ដែលអាចនឹងដកចេញនូវការរឹតត្បិតចំពោះក្រុមអ្នកបើកបររថយន្តដឹកទំនិញ រវាងអ៊ុយក្រែន និងសហភាពអឺរ៉ុបគឺស្ថិតក្នុងចំណោមការទាមទារសំខាន់ៗ របស់ក្រុមអ្នកដឹកទំនិញប៉ូឡូញ ដែលធ្វើការតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍មកទល់នឹងដើមឆ្នាំនេះ។

ក្រសួងហេដ្ឋារចនាសម្ព័ន្ធប៉ូឡូញ បានចេញសេចក្តីថ្លែងការណ៍ថា «គណៈកម្មាការអឺរ៉ុបបានចាប់ផ្តើមនីតិវិធីកែសម្រួល លើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោកសហភាពអឺរ៉ុប-អ៊ុយក្រែននេះហើយ»។ បើតាមលោករដ្ឋមន្រ្តី Dariusz Klimczak នៃក្រសួងហេដ្ឋារចនាសម្ព័ន្ធប៉ូឡូញ សំណើរផ្លាស់ប្តូរនៅក្នុងកិច្ចព្រមព្រៀង ត្រូវបញ្ជូនទៅកាន់ប្រទេសជាសមាជិកសម្រាប់ការចរចាបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រុមអ្នកដឹកទំនិញប៉ូឡូញ បាននាំគ្នាតវ៉ាដោយបិទផ្លូវឆ្លងកាត់ជាមួយអ៊ុយក្រែន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣មក ដោយពួកគេទាមទារឱ្យសភាពអឺរ៉ុបកំណត់ឡើងវិញលើបទប្បញ្ញត្តិ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ៊ុយក្រែនដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្លុក និងសម្រាប់អ្នកដឹកទំនិញអឺរ៉ុបដែលចូលទៅកាន់អ៊ុយក្រែន រួមទាំងពន្ធគយដែលដាក់ចេញដើម្បីជួយដល់ទីក្រុងកៀវ ក្រោយរុស្ស៉ីបើកការឈ្លានពាន៕

រូបភាពពី Reuters