(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថាកំពុងឆ្ពោះទៅរកជ័យជម្នះរៀងៗខ្លួន ក្នុងការបោះឆ្នោតបឋម ឬការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតី នៅក្នុងថ្ងៃបោះឆ្នោត Super Tuesday ខណៈមានការរំពឹងកាន់តែខ្ពស់ថាគូប្រជែងទាំង២ នឹងត្រូវតតាំងគ្នាសាជាថ្មី ក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ Alabama, Arkansas, Colorado, Maine, North Carolina, Oklahoma, Tennessee, Texas និងរដ្ឋ Virginia ខណៈលោក បៃដិន ទទួលបានជ័យជម្នះយ៉ាងងាយស្រួលក្នុងរដ្ឋ Alabama, Arkansas, Colorado, Iowa, Maine, Massachusetts, North Carolina, Oklahoma, Tennessee, Texas, Vermont និងរដ្ឋ Virginia។ ជ័យជម្នះរបស់លោក ត្រាំ ត្រូវបាន គេមើលឃើញនឹងបិទបញ្ចប់ក្ដីសង្ឃឹមក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សសាធារណរដ្ឋរបស់លោកស្រី Nikki Haley ដែលបច្ចុប្បន្នជាគូប្រជែង តែម្នាក់គត់របស់លោក ត្រាំ។

គួរបញ្ជាក់ថា ថ្ងៃបោះឆ្នោត Super Tuesday គឺជាថ្ងៃដ៏សំខាន់មួយដែលរដ្ឋចំនួន១៥ នៅក្នុងសហរដ្ឋអាមេរិក បោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតី ក្នុងថ្ងៃតែមួយ៕

រូបភាពពី Reuters