(គែរ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាបទឈប់បាញ់កំពុងស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាស ដើម្បីធ្វើការសម្រេចចិត្តថាតើពួកគេនឹង ទទួលយកបទឈប់បាញ់ជាមួយអ៉ីស្រាអែល ក្នុងតំបន់ហ្កាហ្សា ដែរឬក៏អត់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ខណៈក្រុមអ្នកចរចាបានជួបប្រជុំគ្នា ឈានចូលដល់ថ្ងៃទី៣ ដោយមិនទាន់មានសញ្ញាថាអាចនឹងមានច្រកចេញនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤។

ក្រុមអ្នកចរចាមកពីក្រុមហាម៉ាស កាតា និងអេហ្ស៉ីប លើកលែងអ៊ីស្រាអែលចេញ កំពុងស្ថិតក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីពិភាក្សាគ្នាស្វែងរកច្រកចេញ សម្រាប់បទឈប់បាញ់រយៈពេល ៤០ថ្ងៃ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ខណៈខែរ៉ាម៉ាឌនដែលជាខែតមអាហារនៅពេលថ្ងៃរបស់អ្នកកាន់ សាសនាអ៉ីស្លាម នឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយនេះ។

នៅចំពោះមុខអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី៥ ខែមីនា លោក បៃដិន បានកត់សម្គាល់ដូច្នេះថា «បច្ចុប្បន្ន អ្វីៗគឺវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ ក្រុមហាម៉ាស ស្របពេលអ៉ីស្រាអែលកំពុងផ្ដល់កិច្ចសហការ... តែប្រសិនបើការប្រយុទ្ធគ្នានៅតែបន្តធ្វើឡើងនៅក្នុងខែរ៉ាម៉ាឌន នោះវានឹងក្លាយជារឿងគ្រោះថ្នាក់ ជាទីបំផុត»។

គួរបញ្ជាក់ថា មន្ត្រីហាម៉ាសម្នាក់ឈ្មោះ Osama Hamdan បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបេរូត ប្រទេសលីបង់ដែរថាលក្ខខណ្ឌចម្បងរបស់ក្រុមហាម៉ាស នោះគឺអ៉ីស្រាអែលត្រូវតែបញ្ឈប់ប្រតិបត្តិការយោធា ដកទ័ពចេញពីហ្កាហ្សា និងអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនពីសង្រ្គាមអាចត្រឡប់ទៅកាន់ ផ្ទះសម្បែងរបស់ពួកគេវិញ។ តាមមន្ត្រីហាម៉ាសរូបនេះដដែល ការដោះដូរអ្នកទោសណាមួយនឹងមិនអាចកើតឡើងនោះទេ ទាល់តែមានបទឈប់បាញ់ ជាមុនសិន។

ប៉ុន្តែ អ៉ីស្រាអែលវិញក៏បានបញ្ជាក់ដែរថាខ្លួនគ្រាន់តែមានបំណងផ្អាកសង្រ្គាមជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងតែប៉ុណ្ណោះ ដោយនៅតែទទូចដដែលថានឹង មិនបញ្ឈប់សង្រ្គាមនោះទេ រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច៕