(ឡាអេ)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្តាហ៍នេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមេបញ្ជាការយោធារុស្ស៊ី លោក Sergei Ivanovich Kobylash និងលោក Viktor Nikolaevich Sokolov ដោយចោទប្រកាន់ពួកគេទាំងពីររូប ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

តុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បាននិយាយថា «មានមូលហេតុសមហេតុផលក្នុងការជឿថា ជនសង្ស័យទាំងពីរនាក់ខាងលើ ទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីល ដែលធ្វើឡើងដោយកងកម្លាំងក្រោមការបញ្ជារបស់ពួកគេ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន ចាប់តាំងពីខែតុលា ឆ្នាំ ២០២២ មដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣។

តុលាការបានបន្ថែមថា គ្រោះថ្នាក់ដល់ជនស៊ីវិល និងការខូចខាតដែលបណ្តាលមកពីការវាយប្រហារ គឺពិតជាហួសកម្រិត បើប្រៀបធៀបទៅនឹងផលប្រយោជន៍យោធាដែលរំពឹងទុក។

ដោយឡែក រដ្ឋអាជ្ញាអ៊ុយក្រែន ក៏កំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៃយុទ្ធនាការរដូវរងារបស់រស្ស៉ី ដែលបានវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧបករណ៍ប្រើប្រាស់សាធារណៈរបស់ប្រទេសអ៊ុយក្រែន។

ប្រទេសរុស្ស៊ី បានបដិសេធចំពោះការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយចេតនា ក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា ការវាយប្រហាររបស់ខ្លួនគឺសុទ្ធតែមានគោលបំណង កាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់ទីក្រុងគៀវ។

គួរ​បញ្ជាក់ថា នេះ​ជា​ដីកា​ចាប់​ខ្លួន​លើក​ទី​ពីរ​ហើយ ចំពោះ​មន្ត្រី​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​សង្រ្គាម​នៅ​អ៊ុយក្រែន។ កាលពីខែមីនាឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិក៏ធ្លាប់បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin និងស្នងការកុមារ លោកស្រី Maria Lvova Belova ពីបទឧក្រិដ្ឋកម្មសង្រ្គាមពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារអ៊ុយក្រែនផងដែរ៕

រូបភាពពី Reuters