(ហ្សឺណេវ)៖ ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាជុំថ្មីជាមួយប្រធានាធិបតី លោក Vladimir Putin ដើម្បីពិភាក្សាអំពី «ស្ថានភាពប្រតិបត្តិការនាពេលអនាគត» នៃរោងចក្រនុយក្លេអ៊ែរ Zaporizhya ដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប បានស្ថិតនៅចំណុចកណ្តាល នៃការប្រយុទ្ធគ្នាចាប់តាំងពីកងកម្លាំងរុស្ស៊ី បានកាន់កាប់វានៅក្នុងខែមីនាឆ្នាំ ២០២២ ដោយទាំងទីក្រុងម៉ូស្គូ និងទីក្រុងគៀវបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបង្កហានីភ័យដល់រោងចក្រនេះ។

លោក Grossi បានជួបជាមួយ លោក Putin ចុងក្រោយបង្អស់ ដើម្បីពិភាក្សាអំពីបញ្ហាសុវត្ថិភាពទាក់ទងនឹងរោងចក្រនុយក្លេអ៊ែរ Zaporizhya គឺនៅទីក្រុង St. Petersburg កាលពីខែតុលា ឆ្នាំ២០២២។

លោក Grossi ដែល​ជា​ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា​ «​ខ្ញុំ​គិត​ថា​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ដែល​យើង​រក្សា​ការសន្ទនា​កម្រិត​ខ្ពស់​នេះ​ជាមួយ​ភាគី​សង្គ្រាម​ទាំងពីរ​»។

លោកបាននិយាយថា លោកសង្ឃឹមថានឹងពិភាក្សាអំពី «ចំណុចបច្ចេកទេស» ជាមួយលោកពូទីន ហើយសិក្សាអំពី «ផែនការ» សម្រាប់រោងចក្រនេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោកស្រី Maria Zakharova បាន​បញ្ជាក់​ពី​កិច្ច​ពិភាក្សា​នេះ។

គួរបញ្ជាក់ថា លោក Grossi ក៏បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនជាច្រើនដងមកហើយដែរ ដើម្បីជួបជាមួយប្រធានាធិបតី លោក Volodymyr Zelensky និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ទាក់ទងនឹងហានិភ័យនៃរោងចក្រនុយក្លេអ៊ែរនេះផងដែរ៕

រូបភាពពី AFP