(ហ្គាហ្សា)៖ កិច្ចចរចាបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងក្រុមអ្នកសម្រុះសម្រួលបានដួលរលំហើយនៅថ្ងៃអង្គារនេះ នៅទីក្រុងគែរ ដោយគ្មានចេញអ្វីជាដំណោះស្រាយឡើយ ខណៈពិធីបុណ្យរ៉ាម៉ាឌននៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Bassem Naim បានប្រាប់ Reuters ថា ក្រុមសកម្មប្រយុទ្ធបានបង្ហាញសំណើបទឈប់បាញ់ ដល់ក្រុមអ្នកសម្រុះសម្រួលក្នុងអំឡុងកិច្ចពិភាក្សាពីរថ្ងៃ ហើយកំពុងរង់ចាំការឆ្លើយតបពីអ៊ីស្រាអែល ដែលមិនចូលរួមក្នុងកិច្ចចរចានេះ។

លោក Naim បាននិយាយដូច្នេះថា «(នាយករដ្ឋមន្ត្រីអ៊ីស្រាអែល) មិនមានឆន្ទៈក្នុងការឈានដល់កិច្ចព្រមព្រៀង ដូច្នេះជំហាន​បន្ទាប់ ឬ​ដំណោះស្រាយចុងក្រោយគឺស្ថិត​លើ​អ្នកនយោបាយ​អាមេរិក»។

អ៊ីស្រាអែល​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ទេ លើ​កិច្ច​ចរចា​ក្រុង​គែរនេះ​។ ប្រភពមួយបានប្រាប់ Reuters មុននេះថា អ៊ីស្រាអែលបានបដិសេធការចរចានេះ ដោយសារតែក្រុមហាម៉ាសបានបដិសេធសំណើរបស់ខ្លួន សម្រាប់បញ្ជីឈ្មោះចំណាប់ខ្មាំងទាំងអស់ដែលនៅរស់។ លោក Naim បាននិយាយថា រឿងនេះនឹងមិនអាចកើតឡើងបានទេ បើគ្មានបទឈប់បាញ់ជាមុនទេ ដោយសារតែចំណាប់ខ្មាំងត្រូវបានខ្ចាត់ខ្ចាយពាសពេញតំបន់សង្រ្គាម និងត្រូវបានកាន់កាប់ដោយក្រុមផ្សេងៗគ្នា។

ទោះជាយ៉ាងណា ប្រភពសន្តិសុខអេហ្ស៊ីបបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនៅតែទាក់ទងជាមួយអ៊ីស្រាអែល ដើម្បីបន្តការចរចាដោយគ្មានវត្តមានរបស់គណៈប្រតិភូអ៊ីស្រាអែល។

គួរជម្រាបថា វ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល និងជាអ្នកគាំទ្រកិច្ចចរចាបទឈប់បាញ់ បាននិយាយថា កិច្ចព្រមព្រៀងដែលបានអនុម័តដោយអ៊ីស្រាអែលគឺនៅលើតុស្រេចរួចហើយ ហើយថាវាអាស្រ័យលើក្រុមហាម៉ាសក្នុងការព្រមទទួលយកវា ឬអត់។ ក្រុម ហាម៉ាស់ច្រានចោលការលើកឡើងនេះ ដោយនិយាយថា វាគ្រាន់តែជាការប៉ុនប៉ងបង្វែរការស្តីបន្ទោសពីអ៊ីស្រាអែលប៉ុណ្ណោះ ក្នុងករណៅការចរចាមិនបានសម្រេច។

សហរដ្ឋអាមេរិកក៏បានអំពាវនាវឱ្យអ៊ីស្រាអែលធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សា ដែលមនុស្សជាង ៣០,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលដែលបានចាប់ផ្តើម បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ដែលបានសម្លាប់មនុស្ស ១,២០០ នាក់កាលពីខែតុលា៕

រូបភាពពី Reuters