(ម៉ានីល)៖ ហ្វីលីពីនរួមជាមួយសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេ នាខែក្រោយ នៅទីតាំងសំខាន់ៗ ដែលរួមមាន​ទាំងកោះរបស់ហ្វីលីពីន ដែលបែរទៅរកសមុទ្រចិនខាងត្បូង និងតៃវ៉ាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤។

មន្រ្តីយោធាហ្វីលីពីន លោក Michael Logico បានឱ្យដឹងនៅថ្ងៃអង្គារនេះថា សមយុទ្ធយោធាខាងលើ ហៅថា Balikatan នឹងផ្លាស់​ទៅប្រារព្ធឡើងនៅតាមទីតាំង ដែលស្ថិតក្នុងតំបន់ភាគខាងលិច និងខាងជើងប្រទេសហ្វីលីពីនវិញ ដើម្បីឱ្យវាស្របទៅតាមការកែសម្រួល​ការផ្តោតសំខា ន់របស់រដ្ឋាភិបាលទីក្រុងម៉ានីល ពីការការពារជាតិប្រឆាំងការគំរាមកំហែងខាងក្នុង ទៅរកការការពារជាតិប្រឆាំង ការគំរាមកំហែងពីខាងក្រៅ។

បើតាមលោក Logico កោះ Batanes ដែលជាកោះហ្វីលីពីននៅកៀកកោះតៃវ៉ាន់បំផុត អាចនឹងជាទីតាំងហាត់សមម្តងទៀតសម្រាប់​សមយុទ្ធយោធា Balikatan ឆ្នាំនេះ ប៉ុន្តែលោកបានគូសបញ្ជាក់ថា សកម្មភាពយោធារបស់ហ្វីលីពីននិងអាមេរិក គឺមិនផ្តោតទៅលើ​តៃវ៉ាន់ឡើយ។ កោះតៃវ៉ាន់ ទោះបីមានរដ្ឋាភិបាលដាច់ដោយឡែកក៏ដោយ គឺត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា កន្លែងធ្វើសមយុទ្ធយោធាខាងលើ ក៏នឹងរួមមានទីតាំងក្នុងខេត្ត Palawan នៅសមុទ្រចិនខាងត្បូងផងដែរ ខណៈដែនសមុទ្រនេះ គឺជាកន្លែងដែលហ្វីលីពីនបាននិងកំពុងមើលឃើញ ការកើនឡើងនៃឧប្បត្តិហេតុប្រឈមមុខដាក់គ្នាជាមួយចិន ដោយសារតែវិវាទទឹកដី។ នៅថ្ងៃអង្គារនេះផ្ទាល់ ទីក្រុងម៉ានីលបានចោទថា នាវាឆ្មាំសមុទ្រចិន បានធ្វើសកម្មភាពយ៉ាងគ្រោះថ្នាក់ ដែលឈានដល់បង្កការប៉ះទង្គិច​ជាមួយនាវាឆ្មាំសមុទ្ររបស់ខ្លួន អំឡុងប្រតិបត្តិការដឹកសម្ភារផ្គត់ផ្គង់ឱ្យកងទ័ពហ្វីលីពីន ដែលប្រចាំការនៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីន​បានអះអាងថា នាវាខ្លួនបានរងការខូចខាត និងនាវិកមួយចំនួនបានរងរបួស ក្នុងការប៉ះទង្គិចគ្នានោះ៕

រូបភាពពី Reuters