(សិង្ហបុរី)៖ នាយរដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បាននិយាយនៅថ្ងៃអង្គារនេះថា កិច្ចចរចារវាងចិន និងសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ត្រូវការពេលថែមទៀត ខណៈប្រទេសនីមួយៗ មានទស្សនវិស័យផ្សេងៗគ្នា លើបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ ២០២៤។

លោក Lee កំពុងស្ថិតនៅក្នុងទីក្រុង Melbourne សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំសិង្ហបុរី-អូស្រ្តាលី ក៏ដូចជាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី។ ថ្លែងក្នុងសន្និសីទរួមគ្នាជាមួយលោក Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Lee បានគូសបញ្ជាក់ថា «បញ្ហានេះគឺមិនងាយស្រួលដោះស្រាយទេ ហើយពិតណាស់ ការចរចាគ្នាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ចៀសមិនផុតពីលទ្ធផលចុងក្រោយនោះទេ ពីព្រោះចម្លើយចុងក្រោយគឺពិជាលំបាក ដូច្នេះកិច្ចចរចានៅតែត្រូវការពេលវេលាថែមទៀត»

លោក Albanese បានថ្លែងថា អូស្រ្តាលីជាអ្នកគាំទ្រយ៉ាងរឹងមាំចំពោះច្បាប់ស្តីពីដែនសមុទ្រ ហើយសេរីភាពនៃការធ្វើនាវាចរណ៍ ឆ្លងកាត់សមុទ្រចិនខាងត្បូង គឺមានសារៈសំខាន់ណាស់។ លោក Albanese បានបញ្ជាក់ទៀតថា «គោលជំហររបស់យើងចំពោះចិន នៅតែដដែល ដោយយើងចង់សហការនៅកន្លែងដែលអាចធ្វើបាន ហើយនឹងបដិសេធនៅកន្លែងដែលតម្រូវបែបនោះ ប៉ុន្តែយើងធ្វើអ្វីៗដើម្បីបម្រើដល់ ផលប្រយោជន៍ជាតិរបស់យើងជានិច្ច»

គួរបញ្ជាក់ថា ចិន និងប្រទេសអាស៊ានមួយចំនួន សុទ្ធតែបានអះអាងនូវចំណែកទឹកដីរៀងៗខ្លួន នៅឯតំបន់សមុទ្រចិនខាងត្បូង។ មួយរយៈកាលចុងក្រោយនេះ ហ្វីលីពីន និងចិនមានការប្រឈមមុខដាក់គ្នាជាញឹកញាប់ ជាមួយនិងការចោទប្រកាន់គ្នាទៅវិញទៅមក លើការប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់ នៅក្បែរចំណុចដែនទឹកមានវិវាទ៕

រូបភាពពី Reuters