(ហាណូយ)៖ នាថ្ងៃអង្គារនេះ រដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដែលមានប្រជាជនសរុបជិត៩លាននាក់ ត្រូវបានគ្របដណ្តប់ដោយ អ័ព្ទខ្យល់ពុលយ៉ាងក្រាស់ រហូតដល់ស្ថិតនៅចំណាត់ថ្នាក់កំពូល ក្នុងចំណោមទីក្រុងនានានៅលើពិភពលោក ដែលរងការបំពុលខ្លាំងបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤។

កាលពីព្រឹកថ្ងៃអង្គារនេះ ទីក្រុងហាណូយឈរនៅលេខរៀងទី១ ក្នុងតារាងទីក្រុងដែលរងការបំពុលខ្យល់អាកាសធ្ងន់ធ្ងរជាងគេបង្អស់ នៅលើពិភពលោក របស់វែបសាយតាមដានគុណភាពខ្យល់អន្តរជាតិ IQAir។ កម្រិតភាគល្អិតគ្រោះថ្នាក់ ដែលគេហៅថា PM2.5 ក្នុងខ្យល់អាកាសនៅរដ្ឋធានីរបស់វៀតណាម បានកើនដល់ជិត២០០មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលជាកម្រិតដ៏ខ្ពស់បំផុត ធៀបទៅនឹង​បណ្តាទីក្រុងដទៃទៀត ដែលស្ថិតក្នុងតារាងនោះ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយ ទីក្រុងហាណូយជារឿយៗបានជាប់ឈ្មោះ​ ក្នុងចំណោមបណ្តាទីក្រុងដែលរងការបំពុលខ្យល់ខ្លាំងជាងគេ។ មូលហេតុចម្បង គឺដោយសារតែការដ្ឋានសាងសង់ ដែលលេចឡើងពាសពេញទីក្រុង ហើយនិងការបញ្ចេញផ្សែង ពីម៉ូតូនិងរថយន្តចំនួនដ៏ច្រើនសម្បើម ដែលធ្វើដំណើរក្នុងទីក្រុងនេះ ជារៀងរាល់ថ្ងៃ។​ មិនតែប៉ុណ្ណោះ ការបញ្ចេញឧស្ម័នកាបូនពីរោងចក្រថាមពល នៅឯភាគខាងជើងប្រទេស និងការដុតសំណល់កសិកម្ម ក៏បានធ្វើឱ្យបញ្ហានេះ កាន់តែយ៉ាប់យ៉ឺនផងដែរ៕

រូបភាពពី Reuters