(តេហេរ៉ង់)៖ ក្រុមការពារសិទ្ធិមនុស្សចំនួន២ បានរាយការណ៍នៅថ្ងៃអង្គារនេះថា អ៉ីរ៉ង់បានប្រកាសជីវិតមនុស្សសរុបរហូតដល់យ៉ាងហោច ៨៣៤នាក់ កាលពីឆ្នាំទៅមិញនេះ ខណៈវាគឺជាចំនួនខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ២០១៥មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤។

តួលេខនៃការប្រហារជីវិតខាងលើ ដែលក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៉ីរ៉ង់បានធ្វើឡើងតាមរយៈការព្យួរក គឺជាកំណើនក្នុងអត្រាប្រមាណ៤៣ភាគរយ ធៀបទៅនឹងឆ្នាំ២០២២។ វាគឺជាលើកទី២គត់ ដែលមនុស្សច្រើនជាង៨០០នាក់ ត្រូវបានប្រហារជីវិតក្នុងពេលត្រឹម១ឆ្នាំ ពោលគឺក្រោយការប្រហារជីវិតមនុស្ស៩៧២នាក់ កាលពីឆ្នាំ២០១៥ នៅប្រទេសអ៉ីរ៉ង់។ អង្គការសិទ្ធិមនុស្ស Iran Human Rights (IHR) ដែលមានមូលដ្ឋាននៅន័រវែស និងអង្គការ Together Against the Death Penalty ដែលមានមូលដ្ឋាននៅប្រទេសបារាំង ជាអ្នកចងក្រងរបាយការណ៍រួមខាងលើ។

ក្រុមការពារសិទ្ធិមនុស្សទាំង២ បានចោទប្រកាន់លើប្រទេសអ៉ីរ៉ង់ថា ប្រើប្រាស់ទោសប្រហារជីវិត ដើម្បីបង្កការភ័យខ្លាចនៅក្នុងសង្គម បន្ទាប់ពីផ្ទុះចលនាបាតុកម្មយ៉ាងកក្រើក ដែលបង្កឡើងដោយ ការស្លាប់របស់នារីម្នាក់ឈ្មោះ Mahsa Amini កាលពីខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ថា យោងតាមប្រភពដដែល អ៉ីរ៉ង់បានប្រហារជីវិតបុរស៩នាក់ ក្នុងសំណុំរឿងពាក់ព័ន្ធសកម្មភាពវាយប្រហារ លើកងកម្លាំងសន្តិសុខ អំឡុងបាតុកម្មឆ្នាំនោះ ដោយ២នាក់ ត្រូវបានប្រហារជីវិតនៅឆ្នាំ២០២២, ៦នាក់នៅឆ្នាំ២០២៣ និងម្នាក់ក្នុងឆ្នាំនេះ។ ទន្ទឹមគ្នា ទោសប្រហារជីវិតក៏ត្រូវបានបង្កើន​ផងដែរ សម្រាប់បទល្មើសដទៃទៀត ជាពិសេសបទល្មើសពាក់ព័ន្ធគ្រឿងញៀន៕

រូបភាពពី AFP