(ហ្កាហ្សា)៖ ថ្នាក់ដឹកនាំមួយរូបរបស់ហាម៉ាស កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ក្រុមប៉ាឡេស្ទីនមួយនេះ មិនដឹងច្បាស់នោះឡើយថា តើចំណាប់ខ្មាំងប៉ុន្មាននាក់ ដែលត្រូវបានចាប់ពីអ៉ីស្រាអែល យកទៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) អំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំមុន បច្ចុប្បន្ននៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤។

លោក Bassem Naim ដែលជាថ្នាក់ដឹកនាំក្រុមហាម៉ាសខាងលើ បានប្រាប់ AFP ចេញពីទីក្រុងគែរនៃប្រទេសអេហ្ស៉ីបយ៉ាងដូច្នេះថា «ក្នុងចំណោមចំណាប់ខ្មាំង គឺពួកយើងមិនដឹងប្រាកដឡើយថា នរណាខ្លះដែលបានស្លាប់ ឬនរណាខ្លះដែលនៅមានជីវិតឡើយ»។ លោក Naim បានបន្តថា ចំណាប់ខ្មាំងស្ថិតក្រោមការឃុំឃាំង ដោយក្រុមប៉ាឡេស្ទីនជាច្រើន និងនៅកន្លែងផ្សេងៗគ្នា ពាសពេញតំបន់ Gaza។ ថ្នាក់ដឹកនាំហាម៉ាសរូបនេះ បានបន្ថែមថា បទឈប់បាញ់គឺជារឿងចាំបាច់ ដើម្បីមានឱកាសត្រួតពិនិត្យឱ្យច្បាស់លាស់ ទៅលើបញ្ហានេះ។

បញ្ហាចំណាប់ខ្មាំង គឺជាចំណុចចម្បងក្នុងដំណើរការចរចាគ្នា ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគែរ ដើម្បីស្វែងរកបទឈប់បាញ់សម្រាប់សង្រ្គាម​របស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាស នៅ Gaza។ កាលពីថ្ងៃចន្ទ ក្រុមអ្នកសម្រុះសម្រួល មកពីកាតា និងអេហ្ស៉ីប បានបន្តពិភាក្សាគ្នានៅ​ថ្ងៃទី២ ជាមួយបេសកជនរបស់សហរដ្ឋអាមេរិក និងហាម៉ាស។ យ៉ាងណាមិញ រដ្ឋាភិបាលអ៉ីស្រាអែល បានបដិសេធបញ្ជូនប្រតិភូចូលរួម ​ក្នុងដំណើរការចរចានោះ។

គួរបញ្ជាក់ថា ចំណាប់ខ្មាំងសរុបប្រហែល២៥០នាក់ ត្រូវបានចាប់យកទៅតំបន់ Gaza ហើយខាងអ៉ីស្រាអែលបានអះអាងថា ១៣០នាក់​ កំពុងបន្តស្ថិតនៅទីនោះ រួមមានទាំង៣១នាក់ ដែលត្រូវបានសន្និដ្ឋានថាស្លាប់។ កាលពីសប្តាហ៍មុន ក្រុមហាម៉ាសទើបតែអះអាងថា ចំណាប់ខ្មាំង៧នាក់ទៀត បានបាត់បង់ជីវិតដោយសារប្រតិបត្តិការយោធារបស់អ៉ីស្រាអែល នៅ Gaza។ រីឯកាលពីធ្នូ ឆ្នាំមុន យោធាអ៉ីស្រាអែលផ្ទាល់ បានប្រកាសថា កងទ័ពខ្លួនបានច្រឡំដៃបាញ់សម្លាប់ ចំណាប់ខ្មាំង៣នាក់ នៅ Gaza៕

រូបភាពពី Reuters